ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាក់ថាទ្រព្យសម្បត្តិ ដែលបង្កកក្នុងប្រទេសកាតា តម្លៃ៦ពាន់លានដុល្លារ នឹងត្រូវប្រគល់ត្រឡប់មកវិញ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃចន្ទថា ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលជាប់គាំងមានតម្លៃ ៦ពាន់លានដុល្លារអាមេរិក ដែលបច្ចុប្បន្នកំពុងកាន់កាប់នៅក្នុងប្រទេសកាតា នឹងត្រូវដោះលែង និងបញ្ជូនត្រឡប់ទៅប្រទេសវិញ។
លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយមន្ត្រីជាន់ខ្ពស់នៅខេត្ត Qom ភាគកណ្តាល ខណៈដែលបានរៀបរាប់យ៉ាងលម្អិតអំពីសមិទ្ធិផលនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខានាពេលថ្មីៗនេះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
លោកPezeshkian បានបង្ហាញចំនួនសរុបនៃទ្រព្យសម្បត្តិដែលជាប់គាំងរបស់ប្រទេសក្នុងប្រទេសកាតាចំនួន១២ ពាន់លានដុល្លារអាមេរិកដោយសង្កត់ធ្ងន់ថាការតាមដានចាំបាច់កំពុងត្រូវបានធ្វើឡើងដើម្បីប្រគល់មូលនិធិដែលនៅសល់ទៅប្រទេសវិញ។
ដោយពណ៌នាអំពី MoU ថាជា ជ័យជំនះដ៏អស្ចារ្យ សម្រាប់ប្រជាជនអ៊ីរ៉ង់ លោកបានកត់សម្គាល់ថា ទណ្ឌកម្មលើការនាំចេញគីមីឥន្ធនៈ និងប្រេងរបស់អ៊ីរ៉ង់ក៏ត្រូវបានដកចេញនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះផងដែរ។
លោក Pezeshkian ក៏បាននិយាយផងដែរថា នៅទីបំផុតសហរដ្ឋអាមេរិកបានបង្ខំអ៊ីស្រាអែលឱ្យទទួលយក MoU សន្តិភាព ទោះបីជាអ៊ីស្រាអែល និងក្រុមមួយចំនួនផ្សេងទៀតនៅតែប្រឆាំងទៅនឹងការអនុវត្តកិច្ចព្រមព្រៀងនេះក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី
