ព័ត៌មានអន្តរជាតិ

ចិនផ្អាកការហោះហើរ យន្តហោះធុនស្រាលឯកជន បន្ទាប់ពីឧប្បតិហេតុយន្តហោះបុក អគារខ្ពស់ជាងគេក្នុងទីក្រុងប៉េកាំង កម្ពស់ ៥២៨ម៉ែត្រ

បរទេស៖ ប្រទេសចិន បានផ្អាកការហោះហើរ យន្តធុនស្រាលឯកជន បន្ទាប់ពីយន្តហោះមួយគ្រឿង បានហោះបុកចូលអគារកម្ពស់ខ្ពស់បំផុត របស់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីប្រតិបត្តិករជុំវិញប្រទេស។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា រដ្ឋាភិបាលមូលដ្ឋានបាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកបើកយន្តហោះតែម្នាក់គត់នៅលើយន្តហោះដែលមានកៅអីពីរបានស្លាប់ក្នុងអំឡុងពេលកើតហេតុកាលពីថ្ងៃសុក្រ ដែលបានធ្វើឱ្យមនុស្ស ១៣ នាក់ដែលមិននៅលើយន្តហោះរងរបួស។ យន្តហោះនេះបានបុកអគារកម្ពស់ ៥២៨ ម៉ែត្រ ដែលគេស្គាល់ថាជា CITIC Tower ឬ China Zun នៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលទីក្រុងប៉េកាំងក្នុងអំឡុងពេលម៉ោងមមាញឹកពេលល្ងាច។

បទបញ្ជាគ្រប់គ្រងដែនអាកាស ទូទាំងប្រទេសដែលគ្របដណ្តប់លើជើងហោះហើរកម្សាន្តត្រូវបានចេញ ដោយសកម្មភាពហោះហើរ ពាក់ព័ន្ធទាំងអស់ត្រូវបានហាមឃាត់ នេះបើយោងតាមការចុះផ្សាយរបស់ Financial Times ។ ការរឹតបន្តឹងទាំងនេះមិនទាន់ត្រូវ បានប្រកាសជាសាធារណៈនៅឡើយទេ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិន អាចផ្ទៀងផ្ទាត់របាយការណ៍នេះបានភ្លាមៗទេ។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រសម្រាប់ការអត្ថាធិប្បាយនោះទេ។

អាជ្ញាធរចិនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ ហើយមិនបានផ្តល់ព័ត៌មានលម្អិតអំពីមូលហេតុដែលអាចកើតមាននៃការបុកនេះនោះទេ។
ប្រែសម្រួលៈ ណៃ តុលា

To Top