Feature

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញក្រុមហ៊ុនចិន បន្តពិនិត្យលទ្ធភាព ក្នុងការពង្រីកឱកាសវិនិយោគ របស់ខ្លួនបន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានជំរុញក្រុមហ៊ុន CCECC បន្តពិនិត្យលទ្ធភាព ក្នុងការពង្រីកឱកាសវិនិយោគរបស់ខ្លួនបន្ថែមទៀត សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារ ដល់ប្រជាពលរដ្ឋកម្ពុជា។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូន គណៈគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) ដឹកនាំដោយលោក Wang Xiangdong ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

លោកប្រធានក្រុមហ៊ុន បានជម្រាបជូនដោយសង្ខេបអំពីសាវតា និងសមត្ថភាពឯកទេសរបស់ក្រុមហ៊ុន CCECC ដែលជាសហគ្រាសរដ្ឋខ្នាតធំមួយរបស់ចិន មានជំនាញនិងបទពិសោធន៍ខ្ពស់ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមមាន៖ ការសាងសង់ស្ពាន ផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងតំបន់សួនឧស្សាហកម្មជាដើម។

ទាក់ទិននឹងការវិនិយោគនៅកម្ពុជា លោក Wang Xiangdong ក៏បានរាយការណ៍ជូនផងដែរ អំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធ ដឹកជញ្ជូន ដែលក្រុមហ៊ុនកំពុងសហការយ៉ាងសកម្មជាមួយភាគីកម្ពុជា ហើយឈានទៅបញ្ចប់ការសិក្សា សមិទ្ធិលទ្ធភាពនាពេលខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន CCECC ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ។ លោក បានគូសបញ្ជាក់ថា ភាគីកម្ពុជាកំពុងរង់ចាំពិនិត្យមើល លទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុន ដែលនឹងត្រូវដាក់ជូននាពេលខាងមុខ ដើម្បីធ្វើការវាយតម្លៃមុននឹងបន្តជំហានបន្ទាប់។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការលើកទឹកចិត្ត និងជំរុញបន្ថែមដល់ក្រុមហ៊ុន CCECC ឱ្យបន្តពិនិត្យលទ្ធភាព ក្នុងការពង្រីកឱកាសវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ជាពិសេសការបណ្តាក់ទុនលើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់ សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

To Top