រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការផ្សព្វផ្សាយសំឡេងសន្ទនា រវាងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្ត
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដើម្បីជម្រាបជូនដល់អ្នកសារព័ត៌មាន និងសាធារណជន បន្ទាប់ពីមានការចុះផ្សាយ និងចែករំលែកតៗគ្នានៅលើបណ្តាញសង្គម នូវឃ្លីបវីដេអូខ្លីមួយ ដែលបានដកស្រង់សំឡេងសន្ទនារវាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
ការសន្ទនានោះ បានធ្វើឡើងក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរចុះពិនិត្យ សិក្សាជួសជុលអ៊ុតបេតុងកៅស៊ូ (AC) លើផ្លូវទំនប់ច្រាំងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានខ្លឹមសារថា៖ «ពួកអ្នកកាសែតហ្នឹងខូចណាស់ កន្លែងណាឱ្យលុយហើយ ក៏ថតបង្ហោះដែរ… ទាល់តែដាក់ខ្នោះមួយពីរទៅ បានដឹងខ្លួន។»
ដើម្បីឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការបកស្រាយ និងបំភ្លឺថា ថ្នាក់ដឹកនាំខេត្តបានសម្តែងការសោកស្តាយជាខ្លាំងចំពោះការផ្សព្វផ្សាយសំឡេងសន្ទនាខាងលើ ដែលមិនមានប្រភពច្បាស់លាស់ ធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទូទៅ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា បំណងពិតប្រាកដរបស់ថ្នាក់ដឹកនាំ គឺសំដៅតែលើបុគ្គលអ្នកសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ ដែលមិនបានអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ ហើយផ្សព្វផ្សាយព័ត៌មានដោយមិនបានប្រមូលប្រភពគ្រប់ជ្រុងជ្រោយ ធ្វើឱ្យព័ត៌មាននោះមិនឆ្លុះបញ្ចាំងពីការពិត និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងរដ្ឋបាលខេត្តក្នុងការបម្រើប្រជាពលរដ្ឋ។
រដ្ឋបាលខេត្តកំពង់ចាម បានអះអាងថា ខ្លួនមិនដែលរើសអើង ឬចាត់ទុកអ្នកសារព័ត៌មានជាសត្រូវឡើយ។ ផ្ទុយទៅវិញ រដ្ឋបាលខេត្តតែងតែចាត់ទុកអ្នកសារព័ត៌មានជាដៃគូដ៏មានប្រសិទ្ធភាព ក្នុងការនាំសារពីទិដ្ឋភាពជាក់ស្តែងរបស់ខេត្តទៅកាន់មហាជន និងនាំព័ត៌មានពីមហាជនមកកាន់រដ្ឋបាលខេត្តវិញ ដើម្បីពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ក្រៅពីនេះ រដ្ឋបាលខេត្តតែងតែធ្វើការយ៉ាងជិតស្និទ្ធ និងបង្កលក្ខណៈងាយស្រួល ព្រមទាំងផ្តល់អំណោយជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌដល់អ្នកសារព័ត៌មាននៅក្នុងខេត្តទៀតផង។
ជាទីបញ្ចប់ រដ្ឋបាលខេត្តកំពង់ចាម បានសម្តែងនូវការគោរពនិងដឹងគុណចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តកន្លងមក និងបានអំពាវនាវឱ្យអ្នកសារព័ត៌មានបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់ព័ត៌មានពិត មានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មានសម្រាប់សង្គមជាតិទាំងមូល។
ដោយ៖ សយ រិទ្ធី

