រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល ព្រមានថា អ៊ីស្រាអែល អាចនឹងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ
យេរូសាឡឹម ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា អ៊ីស្រាអែលអាចនឹងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ ចំពេលមានភាពតានតឹង ក្នុងតំបន់កើនឡើង។
ថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានសម្រាប់អ្នកយកព័ត៌មានយោធា និងអ្នកការទូត លោក Katz បានឧ្យដឹងថា អ៊ីស្រាអែល កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្ត និងត្រៀមខ្លួនយ៉ាងពេញលេញ សម្រាប់ការកើនឡើងនៃភាពតានតឹងយ៉ាងឆាប់រហ័ស។
លោកបានព្រមានថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ណាមួយនឹងបង្កឱ្យមានការឆ្លើយតបភ្លាមៗ និងខ្លាំងក្លារបស់អ៊ីស្រាអែល ដោយហៅវាថាជាខ្សែបន្ទាត់ក្រហមច្បាស់លាស់ ដែលក៏ត្រូវបានទំនាក់ទំនងទៅកាន់មន្ត្រីអាមេរិកផងដែរ។
លោក Katz បានបន្ដថា យោធាអ៊ីស្រាអែលកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយមានផែនការប្រតិបត្តិការរួចរាល់ និងគោលដៅដែលអាចកើតមានត្រូវបានកំណត់រួចហើយ។
លោកបានបន្ថែមថា លោកបានណែនាំយោធាឱ្យត្រៀមខ្លួន សម្រាប់ប្រតិបត្តិការ “ខៀវ និងស” របស់អ៊ីស្រាអែល នៅខាងក្នុងប្រទេសអ៊ីរ៉ង់ ដោយមិនចាំបាច់ពន្យល់បន្ថែម។
លោកក៏បានឧ្យដឹងផងដែរថា កងកម្លាំងអ៊ីស្រាអែលនឹងមិនដកខ្លួនចេញពី “តំបន់សន្តិសុខ” ដែលបានបង្កើតឡើងនៅក្នុងប្រទេសលីបង់ ស៊ីរី ឬហ្គាហ្សានោះទេ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា
