Feature

ក្រុមការងារទេសន្តរប្រវេសន៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំពិនិត្យ លទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារ សម្រាប់ឆមាសបន្ទាប់​

ភ្នំពេញ ៖​ លោក​ សេង សក្តា​ រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់របស់លោក​ ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល ការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិភាក្សាកំណត់ទិសដៅ អនុវត្តបន្តរបស់ក្រុមការងារ ទេសន្តរប្រវេសន៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញ ដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង​ ដោយមានការចូលរួមពីជាសមាជិក និងសមាជិកា នៃក្រុមការងារទេសន្តរប្រវេសន៍ តំណាងមកពីក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល សមាគមនិយោជក និងអង្គការអន្តរជាតិ សរុបចំនួន ៤៣នាក់ ក្នុងនោះស្ត្រី ១២នាក់។

​កិច្ចប្រជុំនេះមានគោលបំណង​ពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍របស់ក្រុមការងារទេសន្តរប្រវេសន៍ កំណត់ទិសដៅការងារសម្រាប់ឆមាសបន្ទាប់ និងពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអំពើជួញដូរមនុស្សក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ។

ក្នុងឱកាសនោះលោក​ សេង សក្តា​ បានមានប្រសាសន៍ថា អង្គប្រជុំបានឯកភាព លើសេចក្តីព្រាង របាយការណ៍លទ្ធផល ការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារទេសន្តរប្រវេសន៍ ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹង ការបង្ការ ការទប់ស្កាត់ ការបង្ក្រាប និងការជួយគាំទ្រជនរងគ្រោះ ដោយសារអំពើជួញដូរមនុស្ស ដើម្បីដាក់ជូនគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិនិត្យ និងអនុម័ត។

ជាមួយគ្នានេះ អង្គប្រជុំក៏បានបង្ហាញ ការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការអនុវត្ត ការងាររវាងភាគីពាក់ព័ន្ធ ក្នុងការការពារ ទប់ស្កាត់ និង ជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹងអំពើជួញ ដូរមនុស្ស អំពើធ្វើអាជីវកម្មពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ៕

To Top