សម្ដេចធិបតី ៖ កម្ពុជាអាចដឹកកសិផល តាមផ្លួវគោកទៅចិន ក្រោយការចរចាបើកផ្លូវ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជាបានចរចាធ្វើការបើកផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវគោកជាលើកដំបូងទៅប្រទេសចិន តាមរយៈច្រកប្រទេសឡាវ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆាជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា កាលពីមុនកម្ពុជាដឹកជញ្ជូនទំទិញទៅទីផ្សារប្រទេសចិនតាមរយៈផ្លូវទឹកប៉ុណ្ណោះ ប៉ុន្ដែឥឡូវកម្ពុជាអាចដឹកកសិផលទៅតាមផ្លូវគោកឡើងទៅប្រទេសចិនតែម្ដង ។ ដូច្នេះការធានាការដឹកការកសិផលកម្ពុជា ពិសេសនៅតំបន់ភាគខាងជើង គឺអាចតភ្ជាប់តាមរយៈផ្លូវគោកនេះតែម្ដង ដោយមិនចាំបាចំណាយពេលវេលាដឹកបន្តមកភ្នំពេញដូចមុនទៀតទេ ។
សម្តេចធិបតីបន្តថា “ជាពិសេសចរចាបើកផ្លូវបន្ថែមទៀត ឆ្នាំនេះ យើងបានចរចាបើកផ្លួវជាលើកដំបូងទៅចិនតាមរយៈឡាវ តាមផ្លូវគោកពីមុនយើងដឹកតែទឹកៗទេ ទៅទីផ្សារចិន ។ ឥឡូវយើងអាចដឹកកសិផលរបស់យើងទៅតាមផ្លូវគោកឡើងទៅតែម្តង” ។
សម្តេចធិបតីបន្ថែមថា ការចរចាលើការបើកច្រកផ្លូវនាំចេញ ត្រូវប្រើពេលវេលាយូរ ប៉ុន្តែមានចីរភាព និងជួយទៅដល់ប្រជាកសិករក្នុងរយៈពេលវែង ។
ជាមួយគ្នានេះ សម្តេចធិបតីបញ្ជាក់ទៀត ជាក់ស្តែងការចរចាលើការនាំចេញផលិតនានាទៅកាន់ទីផ្សារបរទេសផ្សេងៗនៅលើពិភពលោក មិនមែនប្រើពេលវេលាខ្លីនោះទេ គឺត្រូវចំណាយលើការចរចាវែង ព្រោះប្រទេសនាំចូលមិនមែនចេះតែនាំចូលដោយមិនបានចរចា និងមិនពិនិត្យគ្រប់ជ្រុងជ្រោយនោះទេ ៕
