ព័ត៌មានអន្តរជាតិ

អ្នកចរចាកំពូលរបស់អ៊ីរ៉ង់ និយាយថា អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងលីបង់ នឹងបង្កើតគណៈកម្មាធិការ ដើម្បីត្រួតពិនិត្យការបញ្ចប់សង្គ្រាមនៅលីបង់

តេអេរ៉ង់៖ អ្នកចរចាកំពូលរបស់អ៊ីរ៉ង់ឲ្យដឹងថា អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងលីបង់ នឹងបង្កើតគណៈកម្មាធិការ ដើម្បីត្រួតពិនិត្យការបញ្ចប់សង្គ្រាមនៅលីបង់ ខណៈអ៊ីរ៉ង់ និងអាមេរិក ក៏បានព្រមព្រៀងគ្នាថា នឹងជួបចរចានៅថ្ងៃពុធ នៅក្នុងប្រទេសកាតា។

មុនការព្រមព្រៀងគ្នា ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនចូលរួមការចរចា ជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀង ចុងក្រោយទេ លុះត្រាតែកថាខណ្ឌមួយចំនួននៃអនុស្សរណៈ នៃការយោគយល់គ្នាសន្តិភាព (MoU) ដែលទើបចុះហត្ថលេខាថ្មីៗនេះរវាងភាគីទាំងពីរត្រូវបានអនុវត្ត។

លោក Qalibaf ដែលជាប្រធានក្រុមចរចារបស់អ៊ីរ៉ង់ផងដែរ បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ ខណៈពេលដែលកំពុងពន្យល់អំពីការវិវឌ្ឍចុងក្រោយបំផុតទាក់ទងនឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាសន្តិភាព និងការចរចាជាមួយសហរដ្ឋអាមេរិក។

លោកបានលើកឡើងថា ដំណើរទស្សនកិច្ចថ្មីៗនេះ របស់អ៊ីរ៉ង់ទៅកាន់ប្រទេសស្វីស បានស្វែងរកការអនុវត្តបទប្បញ្ញត្តិ នៃអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការបញ្ចប់សង្គ្រាម នៅគ្រប់វិស័យ រួមទាំងប្រទេសលីបង់ ការលើកការបិទផ្លូវកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិក ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ការចេញការលើកលែងរបស់សហរដ្ឋអាមេរិក សម្រាប់ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ និងការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលត្រូវបានបង្កក។

លោក Qalibaf បានបន្ដថា លុះត្រាតែកថាខណ្ឌបឋមទាំងប្រាំនេះត្រូវបានបំពេញ ការអនុវត្តកថាខណ្ឌផ្សេងទៀតនឹងមិនចាប់ផ្តើមនោះទេ។ លោកបានបន្ថែមថា អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងលីបង់ បានព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការរួមមួយដើម្បីអនុវត្តបទឈប់បាញ់ ធានាការបញ្ចប់សង្គ្រាមនៅលីបង់ និងរក្សាអធិបតេយ្យភាពលីបង់ ដោយបន្ថែមថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលជាភាគីពីរក្នុងចំណោមភាគីទាំងបី បានតែងតាំងតំណាងរបស់ពួកគេរួចហើយ។

គួរបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ចប់សង្គ្រាមក្នុងតំបន់។ នៅថ្ងៃទី ២២ ខែមិថុនា ការចរចាបច្ចេកទេសរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើមនៅប្រទេសស្វីស បន្ទាប់ពីការពិគ្រោះយោបល់កម្រិតខ្ពស់រវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីថ្ងៃមុន ដោយមានការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន និងកាតា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top