លោក តុប នេត ៖ ការកែទិន្នន័យអត្រានុកូលដ្ឋាន ប្រើពេលយូរ ព្រោះធ្វើឡើង ដោយប្រុងប្រយ័ត្នខ្ពស់បំផុត
ភ្នំពេញ ៖ លោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានថ្លែងថា ការកែប្រែទិន្នន័យអត្រានុកូលដ្ឋាន របស់ប្រជាពលរដ្ឋ ដែលត្រូវប្រើពេលវេលាយូរនោះ ព្រោះធ្វើឡើងដោយប្រុងប្រយ័ត្នខ្ពស់បំផុត ។
ការលើកឡើងរបស់លោកបែបនេះ ដោយសារនៅតែមានប្រជាពលរដ្ឋមួយចំនួននាំគ្នានិយាយថា ការកែតម្រូវអត្រានុកូលដ្ឋានខ្លះប្រើពេលវេលាយូរ និងខ្លះថា កែតម្រូវលឿនរហ័ស ។
ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយការដាក់ ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាន នគរបាលរាជធានី ខេត្តជូនពលរដ្ឋ ចំណាក់ស្រុក នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក តុប នេតបានពន្យល់ថា “ទាក់ទងទៅនឹងការខុសទិន្នន័យ ទៅលើអត្តសញ្ញាណបណ្ណ និងសំបុត្រកំណើត ។ កិច្ចការនេះយើងចែកចេញជាពីរ គឺទី១-ក្នុងករណីជាកំហុសបច្ចេកទេស កំហុសតិចតួច បងប្អូនប្រជាពលរដ្ឋអាចទៅដាក់ស្នើសុំការកែតម្រូវលើសំបុត្រកំណើត អត្រានុកូលដ្ឋាន នៅរដ្ឋបាលស្រុក ខណ្ឌ ឬក៏នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្រានុកូលដ្ឋាន ។ ប៉ុន្តែបើកំហុសធំកែប្រែទិន្នន័យទាំងស្រុង ការកែតម្រូវទិន្នន័យមិនមែនជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទេ គឺត្រូវទៅតុលាការ”។
លោកបន្តថា ការកែតម្រូវទិន្នន័យ លើអត្រានុកូលដ្ឋាន មានរយៈពេលយូរដោយសារធ្វើឡើងដោយប្រយ័ត្នប្រយែងជាទីបំផុត ព្រោះបើខុសផ្នែកបច្ចេកទេស មិនស្មុគស្មាញទេ ប៉ុន្តែបើខុសលើសពីបញ្ហាបច្ចេកទេស ដូចជាកែពីឈ្មោះមួយទៅឈ្មោះមួយទៀត និងខុសថ្ងៃខែឆ្នាំកំណើត ត្រូវប្រើពេលវេលាយូរ ដែលនេះជាការប្រែប្រួល នៃអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ ។ ដូច្នេះ ការកែប្រែទិន្នន័យត្រូវការស្រាវជ្រាវលើឯកសារទាំងអស់ ហើយករណីមួយចំនួន ត្រូវតែឡើងទៅដល់តុលាការ ៕
