Feature

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញអបអរខួប៣០ឆ្នាំ របស់អង្គការ PSE និងប្រគល់សញ្ញាបត្រ ជូនដល់សិស្ស-និស្សិត ជាង៥០០នាក់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា​​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ ក្នុងពិធីអបអរខួប៣០ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងប្រគល់ សញ្ញាបត្រជូនដល់សិស្ស-និស្សិតជ័យលាភី ចំនួន៥០០ នាក់ (ស្រី៣១៩ នាក់) ក្នុងកម្រិតរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣​ (C3)។

វត្តមានរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតនាពេលនេះ គឺជាមហាកិត្តិយស និងជាការលើកទឹកចិត្តដ៏ថ្លៃថ្លាបំផុត សម្រាប់កុមារ យុវជន ក្រុមគ្រួសារ បុគ្គលិក ក្រុមការងារ អ្នកស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នា បំពេញបេសកកម្ម​ ប្រកបដោយស្មារតីទទួលខុសត្រូវ និងការលះបង់ខ្ពស់ រហូតធ្វើឱ្យអង្គការ ដើម្បីភាពញញឹមនៃកុមារ អាចបន្តបេសកកម្មរបស់ខ្លួន ប្រកបដោយជោគជ័យ និងនិរន្តរភាព អស់រយៈពេល ៣០ឆ្នាំកន្លងមក។

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ អង្គការ PSE បានរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ចាប់ផ្តើមពីការចែកអាហារដល់កុមារ នៅលើទីលានចាក់សំរាម អង្គការបានអភិវឌ្ឍខ្លួនក្លាយជាស្ថាប័នមួយ ដែលទទួលបានការទទួលស្គាល់ជាផ្លូវការ និងកំពុងផ្តល់ការគាំទ្រដល់កុមារ និងយុវជនប្រមាណជិត ៧០០០ នាក់ ជារៀងរាល់ឆ្នាំ ។ បច្ចុប្បន្ននេះ មានយុវជនប្រមាណជិត ១៥០០ នាក់ ដែលមានអាយុចន្លោះពី ១៥ ឡើង កំពុងទទួលការបណ្តុះបណ្តាល​ នៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ របស់អង្គការ PSE ។ នៅទីនេះនឹងបានឱកាសសិក្សារៀនសូត្រ ហ្វឹកហាត់ទាំងជំនាញរឹង និងជំនាញទន់។ ក្នុងរយៈពេល ៣ ខែបន្ទាប់ពីបញ្ចប់ការសិក្សា ជាង៩៥% នៃយុវជន​​ ទទួលបានការងារធ្វើ ​ដែលមានប្រាក់បៀវត្សសមរម្យ និងអាចរកចំណូលដោយខ្លួនឯងបាន។ រហូតមកដល់ពេលនេះ មានអតីតសិស្ស ៨,០០០ នាក់ហើយ ដែលបានបញ្ចប់ការសិក្សា ពីអង្គការ PSE និងកំពុងបម្រើការងារយ៉ាងសកម្ម ក្នុងវិស័យផ្សេងៗនៅក្នុងទីផ្សារការងារកម្ពុជា៕

To Top