ទូតជប៉ុន កោតសរសើរនិងគាំទ្រកម្ពុជា ដែលបានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយភាពអត់ធ្មត់ បើកចំហ និងប្រើប្រាស់ច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយថៃ
ភ្នំពេញ៖ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរ និងគាំទ្រកម្ពុជា ដែលបានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយភាពអត់ធ្មត់ បើកចំហ និងប្រើប្រាស់ច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។

ការសម្ដែងការគាំទ្រ របស់លោកឯកអគ្គរាជទូតជប៉ុនបែបនេះ ធ្វើឡើងនៅក្នុងជំនួប ជាមួយលោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងជំនួបនេះ លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានកោតសរសើរចំពោះតួនាទីជប៉ុនក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព សម្រាប់កម្ពុជាចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ រហូតមក ។

ពាក់ព័ន្ធនឹងកិច្ចការដោះស្រាយជម្លោះព្រំដែនជាមួយថៃ លោក ធន់ វឌ្ឍនា បានបញ្ជាក់ពីគោលជំហរបស់កម្ពុជាក្នុងការរក្សាភាពអត់ធ្មត់ បើកចំហឱ្យមានការចូលរួមពីភាគីទីបី និងពឹងផ្អែកលើច្បាប់អន្តរជាតិ ។ លោក ធន់ វឌ្ឍនា បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនទឹកជាមួយថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃ បានលុបអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០១ ដោយឯកតោភាគី ។ ចំពោះបញ្ហាព្រំដែនគោក លោក បានបញ្ជាក់ថា កម្ពុជាបើកចំហរការចរចាទ្វេភាគី តាមរយៈយន្តការជាធរមាន ហើយក្នុងពេលអនាគត កម្ពុជាអាចប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ។
លោក ធន់ វឌ្ឍនា រំពឹងថា ប្រទេសថៃនឹងគោរពសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ហើយប្រគល់មកឱ្យកម្ពុជាវិញ នូវតំបន់និងប្រាសាទនានា ដែលទាហានថៃបានចូលកាន់កាប់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់កាលពីឆ្នាំមុន ។
ជាចុងក្រោយ លោក ធន់ វឌ្ឍនា និងឯកអគ្គរាជទូតជប៉ុន បានប្តេជ្ញាចិត្តបន្តរក្សាទំនាក់ទំនងជាមួយគ្នា ឆ្ពោះទៅពង្រឹងមិត្តភាព ភាពជាដៃគូ និងការទូតសភារវាងកម្ពុជា និង ជប៉ុន៕
