Feature

កាកបាទក្រហមកម្ពុជា- គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ប្តេជ្ញាជួយជនភៀសសឹក

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម បានប្តេជ្ញាចិត្តរួមគ្នា ជួយជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាម ឈ្លានពីភាគីថៃ ។

ការប្តេជ្ញានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក យឺគ ម៉ុងតានី ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ហៅកាត់ថា អាយ.ស៊ី.អរ.ស៊ី. ប្រចាំភូមិភាគ និងលោកស្រី ដូហ្សា ណាហ្សេមី សាល់មែនប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំកម្ពុជា ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាង អាយ.ស៊ី.អរ.ស៊ី. និងកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដែលគិតចាប់តាំងពីវត្តមានរបស់ អាយ.ស៊ី.អរ.ស៊ី. នៅកម្ពុជាពីឆ្នាំ១៩៧៩រៀងមក ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងពីកិច្ចសហការ និងការជួយគាំទ្រពី អាយ.ស៊ី.អរ.ស៊ី. ដល់កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធឆ្នាំ២០២៥ និងគូសបញ្ជាក់ពីកិច្ចសហការយូរអង្វែងក្នុងការកសាងសមត្ថភាពត្រៀមបង្ការ ឆ្លើយតបជួយជនភៀសសឹកក្នុងពេល និងក្រោយពេលមានជម្លោះប្រដាប់អាវុធ និងក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន ២១.៤២៥នាក់ទៀត ក្នុងនោះស្រ្តី១០.៩៩៣នាក់ និងកុមារ៦.១៤៣នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ នៅឡើយទេ បន្ទាប់ពីភូមិករ និងផ្ទះសំបែងត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន៕

To Top