អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ មានសុខភាពល្អ
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាធ្វើដំណើរលើមាគ៌ាជាង៣ឆ្នាំមកនេះ គឺមានសុខភាពល្អ ហើយបាននិងកំពុងបោះជំហានទៅមុខជានិច្ច ប្រកបដោយភាពស្វាហាប់ ។

ការអះអាងរបស់អ្នកនាំពាក្យនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៨ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។ មូលហេតុដែលលោក ប៉ែន បូណា មានប្រសាសន៍ថា សុខភាពរាជរដ្ឋាភិបាលអាណត្តិទី៧ល្អ នេះ សម្អាងលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អ។ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានកំណើន ៤,២%, សន្តិសុខស្បៀងមានភាពរឹងមាំ, ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញមាន កំណើនគួរឱ្យកត់សម្គាល់ ខណៈដែលចំណូលសារពើពន្ធក៏មានកំណើន។
សម្រាប់ស្ថិរភាពសង្គម-នយោបាយវិញ ក៏ត្រូវអ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ដែរថា គឺនៅថែរក្សាបានល្អ ដោយសារអត់មានភាពវឹកវរ ចលាចលសង្គម ឬចលាចលនយោបាយអីកើតឡើងក្នុងប្រទេសឡើយ។
ព្រមជាមួយគ្នានេះ ប៉ែន បូណា អះអាងទៀតថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច(LDC)បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយប្រាប់សម្តេចធិបតីថា ក្រោយការវាយតម្លៃពីរលើក កម្ពុជានៅតែរក្សាបានលក្ខណៈសម្បត្តិជាប្រទេសដែលអាចចាកចេញពីបណ្តាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច ( LDC)នៅឆ្នាំ២០២៩ ខាងមុខដដែល។
អ្នកនាំពាក្យបញ្ជាក់ថា “ដូច្នេះ តាមរយៈសូចនាករទាំងអស់នេះ យើងអាចទាញសេចក្តីសន្និដ្ឋានបានថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មានសុខភាពល្អ ហើយបាននិងកំពុងបោះជំហាន ទៅមុខជានិច្ច ប្រកបដោយភាពស្វាហាប់ ទោះបីជារាល់ជំហាន ទៅមុខត្រូវឆ្លងកាត់ឧបសគ្គធំៗយ៉ាងណាក៏ដោយ” ។
លោកអះអាងទៀតថា ពេលចាប់ផ្តើមចូលកាន់តំណែងភ្លាម សម្តេចធិបតី ប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាកកាលរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។ សម្តេចតេជោបានកសាងគ្រឹះដ៏រឹងមាំមួយទុកសម្រាប់អ្នកបន្តវេន នោះគឺ សុខសន្តិភាព និងសមិទ្ធផលធំៗជាច្រើនរាប់មិនអស់ដែលបានលេចត្រដែលឡើងគ្រប់វិស័យ។ ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ សម្តេចធិបតី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដែលជាកម្មវិធីនយោបាយសង្គម-សេដ្ឋកិច្ច មានលក្ខណៈគ្រប់ជ្រុងជ្រោយនិងប្រកបដោយមហិច្ឆតា ដោយសម្លឹងឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕
