សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទូតហ្វីលីពីនពីជំហរ របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ផ្អែកលើច្បាប់អន្តរជាតិ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ទូតហ្វីលីពីនអំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាង កម្ពុជា-ថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

ការលេីកឡេីងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនចប់អាណត្តិ ប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកស្រី ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរលើ វិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, បណ្តុះបណ្តាលវិជ្ជាជីវៈ, កសិកម្ម, វប្បធម៌, ការពារជាតិ និងសន្តិសុខ ជាដេីម។
ទន្ទឹមនឹងនេះ, លោកស្រី ក៏បានអបអរសាទរ ចំពោះការដាក់ចេញនូវវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងកម្ពុជា និងហ្វីលីពីន ជាពិសេស កិច្ចសហការស្អិតរមួតជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធកម្ពុជាលើការងារនេះ។
លោក ស្រីឯកអគ្គរដ្ឋទូត បាន បន្តថា សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបទី៧០ឆ្នាំនៃការបង្កេីតទំនាក់ទំនងការទូត រវាងហ្វីលីពីន និងកម្ពុជា ដែលនេះជាពេលវេលាដ៏សំខាន់ ដែលប្រទេសទាំងពីរត្រូវបន្តពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លោកស្រី ឯកអគ្គរដ្ឋទូតបានក៏បានគូសបញ្ជាក់ថា ក្រុម អ្នកសង្កេតការណ៍ អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នៅនឹង បន្ត អនុវត្ត បេសកកម្ម ប្រកប ដោយ តម្លាភាព និង អព្យាក្រឹត។

ជាការឆ្លើយតប, បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាង សកម្មក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងហ្វីលីពីន នៅមានកាលានុវត្តភាព និង សក្តានុពលជាច្រើនថែមទៀត ក្នុងការជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ខ្លាំងក្លា ជាពិសេស, លើវិស័យកសិកម្ម និងទេសចរណ៍។
សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ប្តូរវេន ដែលបានជួយសម្របសម្រួល ក្នុងការដោះស្រាយបញ្ហា ព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងបានជម្រាបជូនលោកស្រី ឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជា និងថៃ៕









