ព័ត៌មានអន្តរជាតិ

អតិផរណា នៅតំបន់ចាយប្រាក់អឺរ៉ូ​ ធ្លាក់ចុះមកត្រឹម ២.៨ ភាគរយ នៅក្នុងខែមិថុនា ដោយសារសម្ពាធថាមពលថយចុះ

ប្រ៊ុចសែល៖ អតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ ចាយប្រាក់អឺរ៉ូ​ ត្រូវបានគេរំពឹងថា​ នឹងធ្លាក់ចុះមកត្រឹម ២.៨ភាគរយ នៅក្នុងខែមិថុនា ពី ៣.២ភាគរយ នៅក្នុងខែឧសភា នេះបើយោងតាមការប៉ាន់ស្មានភ្លាមៗ​ ដែលចេញផ្សាយនៅថ្ងៃពុធ។

ការធ្លាក់ចុះនេះភាគច្រើនត្រូវបានជំរុញដោយការបន្ធូរបន្ថយសម្ពាធតម្លៃថាមពល។ តម្លៃថាមពលត្រូវបានគេរំពឹងថា​ នឹងកើនឡើង ៨.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមិថុនា ធ្លាក់ចុះពី ១០៨ភាគរយនៅក្នុងខែឧសភា នេះបើយោងតាម ​​Eurostat ដែលជាការិយាល័យស្ថិតិនៃសហភាពអឺរ៉ុប។ អតិផរណាសេវាកម្មក៏ត្រូវបានគេរំពឹងថា​ នឹងថយចុះមកត្រឹម ៣.២ភាគរយពី ៣.៥ភាគរយកាលពីមួយខែមុន។

តម្លៃអាហារ គ្រឿងស្រវឹង និងថ្នាំជក់ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើង ១.៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ធ្លាក់ចុះពី ១.៩ភាគរយនៅក្នុងខែឧសភា ខណៈដែលទំនិញឧស្សាហកម្មមិនមែន ថាមពលត្រូវបានគេរំពឹងថា នឹងមានអត្រាអតិផរណាប្រចាំឆ្នាំ ០.៩ភាគរយ ដែលមិនផ្លាស់ប្តូរពីខែឧសភា។

អតិផរណាស្នូល ដែលមិនរាប់បញ្ចូលថាមពល អាហារ គ្រឿងស្រវឹង និងថ្នាំជក់ ត្រូវបានប៉ាន់ប្រមាណថាមាន ២.៤ភាគរយនៅក្នុងខែមិថុនា ធ្លាក់ចុះពី ២.៦ភាគរយនៅក្នុងខែឧសភា។

ក្នុងចំណោមសេដ្ឋកិច្ចធំបំផុតរបស់តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ អត្រាអតិផរណាប្រចាំឆ្នាំរបស់អាល្លឺម៉ង់ត្រូវបានគេរំពឹងថានឹងមាន ២.៤ភាគរយនៅក្នុងខែមិថុនា ធ្លាក់ចុះពី ២.៧ភាគរយនៅក្នុងខែឧសភា។

អតិផរណារបស់ប្រទេសបារាំងត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្លាក់ចុះមកត្រឹម ២ភាគរយពី ២.៨ភាគរយ ខណៈដែលអតិផរណារបស់អ៊ីតាលីត្រូវបានគេរំពឹងថា​ នឹងថយចុះមកត្រឹម ៣.១ភាគរយពី ៣.២ភាគរយ។

អតិផរណារបស់អេស្ប៉ាញ ត្រូវបានគេប៉ាន់ប្រមាណថា នៅតែមិនផ្លាស់ប្តូរនៅ ៣.៦ភាគរយ នេះបើយោងតាមទិន្នន័យរបស់ Eurostat។

ក្នុងចំណោមសមាជិកតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូដែលមានទិន្នន័យ ប្រទេសលីទុយអានីត្រូវបានគេប៉ាន់ប្រមាណថា​ បានបង្ហាញអត្រាអតិផរណាប្រចាំឆ្នាំខ្ពស់បំផុត នៅក្នុងខែមិថុនា​ នៅ ៥.៥ភាគរយ ខណៈដែលប្រទេសម៉ាល់ តាត្រូវបានគេប៉ាន់ប្រមាណថា​ បានកេីនឡេីងទាបបំផុតនៅ ១.៩ភាគរយ៕

To Top