ព័ត៌មានអន្តរជាតិ

ដ្រួនរបស់អ៊ុយក្រែន វាយប្រហាររថយន្តទេសចរ ជនជាតិបេឡារុស បង្កឲ្យមានអ្នករបួស៣នាក់

បរទេស៖យោងតាមការចេញផ្សាយ របស់ RTបានបញ្ជាក់ថា មនុស្ស៣នាក់បានរងរបួស បន្ទាប់ពីយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន បានវាយប្រហារលើ រថយន្តក្រុងទេសចរមួយគ្រឿង ដែលកំពុងធ្វើដំណើរពីប្រទេសបេឡារុស ទៅកាន់ឆ្នេរសមុទ្រខ្មៅនៃប្រទេសរុស្ស៊ី។

ឡានក្រុងដឹកអ្នកដំណើរ១៩នាក់ពីរដ្ឋធានី Minsk នៃប្រទេសបេឡារុស ទៅកាន់ទីក្រុងរមណីយដ្ឋាន Anapa ត្រូវបានរងការវាយប្រហារនៅត្រង់តំបន់ជិតច្រកព្រំដែន Krasny Kamen ក្នុងតំបន់ Bryansk នៃប្រទេសរុស្ស៊ី។

អភិបាលតំបន់ Bryansk លោក Egor Kovalchuk បាននិយាយថា ៖ ភេរវករអ៊ុយក្រែន បានប្រើយន្តហោះគ្មាន មនុស្សបើកនៅក្នុងអ្វីដែលគាត់បានពិពណ៌នាថាជា ការវាយប្រហារ គោលដៅលើជនស៊ីវិល ។

អ្នកបើកបរជនជាតិបេឡារុសទាំងពីរនាក់ បានរងរបួសបែកក្បាល រីឯក្រសួងសុខាភិបាលបេឡារុស ក្រោយមកបានរាយការណ៍ថា អ្នកដំណើរម្នាក់ ក៏បានរងរបួសផងដែរ ។ ក្រុមសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់កន្លែង កើតហេតុដើម្បីជួយសង្គ្រោះអ្នកដំណើរទាំងអស់។

អ្នកដំណើរត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ដែលពួកគេបានទទួលអាហារ និងជំនួយផ្លូវចិត្ត។ ពលរដ្ឋបេឡារុស ក្រោយមកត្រូវ បានដឹកជញ្ជូនទៅកាន់តំបន់ Gomel ខណៈដែលជនជាតិរុស្សីចំនួន៦នាក់ ផ្សេងទៀត នៅបន្តស្នាក់នៅក្នុងមណ្ឌលក្នុងតំបន់ Bryanskជាបណ្តោះអាសន្ន៕

ប្រែសម្រួល៖ស៊ុនលី

To Top