ឆមាសទី១ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៩៦៧ករណី នៅទូទាំងប្រទេស
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានចាត់ឱ្យមន្រ្តីចុះល្បាតចំនួន ៥ ៩៥៣ លើក បង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ ករណី នៅទូទាំងប្រទេស ក្នុងនោះមានបទល្មើសព្រៃឈើចំនួន ៣១៨ ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ ចំនួន១២ ករណី ការឈូសរានដីព្រៃ ២៦២ករណី និងបទល្មើសនេសាទ ចំនួន១៣២ករណី។

ទិន្នន័យនៃការបង្ក្រាបនេះបានដលហូតបានវត្ថុតាង រួមមាន គ្រឿងចក្រ អេស្កាចំនួន២គ្រឿង ត្រាក់ទ័រ ចំនួន៥ គ្រឿង រថយន្តចំនួន៥ គ្រឿង រថយន្តកែច្នៃ ចំនួន២ គ្រឿង គោយន្តចំនួន ២១គ្រឿង ម៉ូតូចំនួន៣៥គ្រឿង ទូកចំនួន ៥គ្រឿង រណាយន្ត ចំនួន ២៤១ គ្រឿង។ មន្រ្តីឧទ្យានុរក្ស បានដោះអន្ទាក់ឆក់ចំនួន ១ ៣៩៥ គ្រឿង អន្ទាក់ខ្សែ ចំនួន ១១ ៤២៨ ខ្សែ អាវុធចំនួន៥ដើម គ្រាប់កាំភ្លើងចំនួន៥១គ្រាប់ អាវុធកែច្នៃចំនួន ៩៤ដើម គ្រាប់១៧ គ្រាប់។ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ៧៤ ករណីនិង ឃាត់បានជនសង្ស័យប្រព្រឹត្តបទល្មើស ចំនួន ៤៤ នាក់។
ទិន្នន័យនៃការបង្ក្រាបនេះមានការថយចុះចំនួន ១៩ ករណី ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ សរុបចំនួន ៩៨៦ករណី។ ការថយចុះនៃករណីបង្រ្កាបនេះ ដែលឆ្លុះបញ្ចាំងពីការយល់ដឹង កាន់តែប្រសើរ និងការចូលរួមទប់ស្កាត់បទល្មើសពីភាគីពាក់ព័ន្ធ និងជាពិសេសការចូលរួម ពីប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន បន្តពង្រឹងសាមគ្គីភាពជាតិ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីការពារធនធានធម្មជាតិ ទប់ស្កាត់បទល្មើសព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល៕









