Feature

ប្រធានរដ្ឋសភា ៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា។

ការលើកឡើងរបស់ សម្តេច ឃួន សុដារី នាឱកាសអនុញ្ញាតជូនលោក អឹអិណុ អាត់ត្សឹស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្តេច បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារបេសកកម្មការទូត របស់ឯកឧត្តម ក្នុងរយៈពេលបីឆ្នាំមកនេះ ដែលសម្រេចបានផ្លែផ្កាជាច្រើន ក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងទំនាក់ទំនងការទូត ទំនាក់ទំនងប្រជាជននិងប្រជាជន ពាណិជ្ជកម្ម ទេសចរណ៍ មនុស្សធម៌ និងវប្បធម៌ជាដើម។

សម្តេច បានលើកឡើងថា ជប៉ុនជាមិត្តដែលគួរឱ្យទុកចិត្ត និងស្មោះត្រង់របស់កម្ពុជា។ ឆ្នាំនេះជាខួប៧៣ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រជាពលរដ្ឋកម្ពុជាមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋជប៉ុន។ ជប៉ុនបានជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព ហើយពលរដ្ឋកម្ពុជាចងចាំជានិច្ចចំពោះការលះបង់ជីវិតក្នុងបុព្វហេតុសន្តិភាពនៅកម្ពុជា របស់កុលបុត្រវ័យក្មេងជប៉ុន២នាក់ ម្នាក់ពលីនៅខេត្តកំពង់ធំ និងម្នាក់ទៀតពលីនៅខេត្តបន្ទាយមានជ័យ ក្នុងក្របខ័ណ្ឌកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNTAC) កាលពីឆ្នាំ១៩៩៣។

សម្តេច ប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសជប៉ុន ដែលគិតមកដល់ពេលនេះមានចំនួនប្រមាណ ១៧,០០០ នាក់ហើយ។ ជាមួយគ្នានេះ ជប៉ុនក៏បានទទួលយកពលករខ្មែរជិត៧ម៉ឺននាក់ ទៅធ្វើការនៅប្រទេសជប៉ុនផងដែរ ដែលប្រការនេះបានធ្វើឱ្យពលករកម្ពុជាទទួលបានប្រាក់ចំណូលខ្ពស់ និងចំណេះដឹងផ្នែកបច្ចេកទេសការងារ ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍកម្ពុជាវិញ។

លោក អឹអិណុ អាត់ត្សឹស៊ី បានបង្ហាញពីមោទនភាពចំពោះការដឹកនាំរដ្ឋសភារបស់សម្តេចប្រធាន ដោយបានគូសបញ្ជាក់ថា កម្ពុជាមានប្រធានរដ្ឋសភាជាស្ត្រីលើកដំបូង ចំណែកប្រទេសជប៉ុនក៏មានស្ត្រីជានាយករដ្ឋមន្ត្រីលើកដំបូងដែរ៕

To Top