Feature

លោក ឃួន ផុនរតនៈ ជំនួបពិភាក្សា ជាមួយប្រធានសមាគម វេទិកាកូរ៉េ-អាស៊ាន

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Dr. PARK Sang Won ប្រធានសមាគមវេទិកាកូរ៉េ-អាស៊ាន (Korea-ASEAN Forum Association-KAFA) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ។

ក្នុងជំនួន Dr. PARK បានប្រាប់ឯកអគ្គរាជទូត អំពីបេសកកម្មរបស់សមាគមក្នុងការកសាងបណ្តាញទំនាក់ទំនងរវាងធុរជន និងអ្នកជំនាញរបស់ប្រទេសកូរ៉េ និងបណ្តាប្រទេសអាស៊ាន តាមរយៈកិច្ចសហការលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម។

Dr. PARK បន្តថា លោកមានមនោសញ្ចេតនាល្អ ជាមួយប្រទេសកម្ពុជា និងបានអនុវត្តគម្រោងជាច្រើននៅប្រទេសកម្ពុជារួមមាន ការរៀបចំសិក្ខាសាលាធុរកិច្ច ការបញ្ជូនអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រ គម្រោងអភិវឌ្ឍវិស័យអប់រំ ជាដើម និងលើសពីនេះ ខាងសមាគមក៏កំពុងសិក្សា ពីគម្រោងសាងសង់មន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញផងដែរ។

ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ Dr. PARK ដែលបានផ្តល់កិច្ចសហការល្អជាមួយភាគីកម្ពុជា ក្នុងការសម្រេចនូវសមិទ្ធផលនានា ក្នុងប្រទេសកម្ពុជា។ លោកសង្ឃឹមថា Dr. PARK នឹងបន្តជួយជំរុញបន្ថែមដល់ការពង្រឹងចំណងទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយជួយកៀរគរពាណិជ្ជករ និងអាជីវករកូរ៉េ ឱ្យទៅវិនិយោគ និងធ្វើអាជីវកម្មកាន់តែច្រើននៅប្រទេសកម្ពុជា៕

To Top