ក្រសួងការងារ បន្តពង្រីកឱកាសការងារ ដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៦០០នាក់ ដើម្បីពង្រីកឱកាសការងារ និងលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

ថ្លែងក្នុងឱកាសនេះ លោក សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យចាប់យកឱកាសការងារក្នុងស្រុក ដែលបច្ចុប្បន្នមានជាង ៩ម៉ឺនកន្លែង ពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ និង តំបន់សេដ្ឋកិច្ចពិសេស។ លោកបានបញ្ជាក់ថា ការចូលបម្រើការងារស្របច្បាប់ក្នុងស្រុក នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលរួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ជាមួយនឹងការគាំពារប្រហាក់ប្រហែល នឹងមន្ត្រីរាជការផងដែរ។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ អំពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការការពារតាមផ្លូវច្បាប់ ។ លោកបានគូសបញ្ជាក់ថា ការបម្រើការងារក្នុងស្រុក មិនត្រឹមតែធានាបាននូវប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរស់នៅជួបជុំ និងថែទាំក្រុមគ្រួសារបានផងដែរ។ ដោយឡែក ក្នុងករណីដែលមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និងត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរពាក់ព័ន្ធ ឬទាក់ទងលេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់សេវាផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្តដល់យុវជនឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ តាមរយៈកម្មវិធី «TVET ១,៥ លាន» ដែលជាកម្មវិធីបណ្តុះបណ្តាលជាតិដោយឥតគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ។ កម្មវិធីនេះផ្តល់ជូននូវជំនាញជាច្រើន រួមមាន កសិកម្ម ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ជួសជុលម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្មកាហ្វេ សាឡន សម្អាងការ និងជំនាញផ្សេងៗទៀត ព្រមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីបង្កើនឱកាសទទួលបានការងារនិងប្រាក់ឈ្នួលសមរម្យ។

សូមបញ្ជាក់ថា វេទិកាការងារនេះ មានការចូលរួមសហការពីក្រុមហ៊ុន សហគ្រាសធំៗ ដែលបាននាំយកឱកាសការងារចំនួន ៣ ៥០០កន្លែង មកផ្តល់ជូនប្រជាពលរដ្ឋ រួមមាន ក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ និងក្រុមហ៊ុន ថាកូ អាហ្រ្គី ៕




















