យោធិនកម្ពុជា ៤នាក់ បានរងរបួស ដោយសារផ្ទុះគ្រាប់បែក ក្រោយដើរល្បាត ជួបក្រុមល្បាតយោធាថៃ
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា យោធិនកម្ពុជា៤នាក់ រងរបួសដោយសារផ្ទុះគ្រាប់បែកមួយគ្រាប់ ក្រោយដើរល្បាតជួប ក្រុមល្បាតយោធាថៃ ដែលកំពុងដើរល្បាត នៅម្ខាងទៀតលួសបន្លា ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល កងកម្លាំងរបស់យើងបានដើរល្បាត នៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាត របស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។
នៅពេលកងកម្លាំងកម្ពុជា បានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ នៅពីក្រោយកងល្បាតរបស់យើង ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់ ដោយសារអម្បែងគ្រាប់ ដែលពេលនេះ កំពុងទទួលការព្យាបាល ដោយយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ ។
ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិត ជូនដល់កងកម្លាំង និងសាធារណជនរបស់យើង។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង ពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង៕









