Feature

កម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម​​ សិក្សាសំណើសុំលើកលែង ទិដ្ឋាការទេសចរណ៍ ស្នើដោយ UAE ដើម្បីជំរុញកំណើន ភ្ញៀវទេសចរ

ភ្នំពេញ៖ កម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម​​ បន្តពិនិត្យវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់ជើងហោះហើរត្រង់ និងសិក្សាពិនិត្យសំណើ សុំការលើកលែងទិដ្ឋាការទេសចរណ៍ ដែលស្នើដោយភាគី UAE ដើម្បីជំរុញកំណើនភ្ញៀវ ទេសចរបន្ថែមទៀត ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលបានដាក់កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងមក ព្រមទាំងផ្លាស់ប្តូរទស្សនៈស៊ីជំរៅ លើយន្តការជំរុញលំហូរ ភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ តាមរយៈការពង្រឹង ការតភ្ជាប់ផ្លូវអាកាស និងការសិក្សាពិនិត្យលទ្ធភាព លើសំណើសុំការលើកទិដ្ឋាការ ទេសចរណ៍របស់ភាគី UAE នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ លោក Obaid Saeed Obaid Bintaresh Aldhaheri បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនចូលជួបពិភាក្សាការងារ និងពិនិត្យវឌ្ឍនាភាពរួមគ្នា លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍កន្លងមក ជាពិសេសលើចំនួនភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរ តាមក្រុមហ៊ុនអាកាសចរណ៍ Etihad Airlines ពីរដ្ឋធានី Abu Dhabi មកកាន់រាជធានីភ្នំពេញ កន្លងមក។​

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសគឺការតភ្ជាប់តាមផ្លួវអាកាស ដោយក្រុមហ៊ុនអាកាសចរណ៍ Etihad Airlines ពីរដ្ឋធានី Abu Dhabi មកកាន់រាជធានីភ្នំពេញ ចាប់តាំងពីចុងឆ្នាំ២០២៥ ដែលបានជួយតភា្ជប់កម្ពុជា ទៅកាន់ច្រកទ្វារអន្តរជាតិ និងបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ ធ្វើដំណើរដោយផ្ទាល់មកកាន់កម្ពុជា។​

ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស៊ីជំរៅបន្ថែមទៀត លើយន្តការទាក់ទាញភ្ញៀវទេសចរ ពីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) និងតំបន់មជ្ឈិមបូព៌ាតែម្តង តាមរយៈការសិក្សាពិនិត្យលទ្ធភាព សំណើសុំការលើកលែងទិដ្ឋាការទេសចរណ៍ ដែលបានស្នើសុំពីភាគីមិត្ត UAE។

គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ អាកាសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥,៦ លាននាក់ ក្នុងនោះមានភ្ញៀវ មកពីតំបន់មជ្ឈិមបូព៌ាជិត៣.៥០០នាក់ ខណៈក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជិត ១,៦ លាននាក់ ក្នុងនោះមានភ្ញៀវមកពីមជ្ឈិមបូព៌ាជាង១.២០០នាក់ ដែលបង្ហាញពីសក្តានុពល នៃទីផ្សារទេសចរណ៍តំបន់មជ្ឈិមបូព៌ា ទោះបីមានការរំខានពីបញ្ហាសង្រ្គាម ក្នុងតំបន់យ៉ាងណាក្តី៕

To Top