Feature

កម្ពុជា ជួបប្រទះការប្រែប្រួលអាកាសធាតុ តាមលក្ខណៈរដូវកាលបន្តបន្ទាប់

ភ្នំពេញ ៖ លោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយថ្លែងថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ កម្ពុជា បានជួបប្រទះការប្រែប្រួលអាកាសធាតុ តាមលក្ខណៈរដូវកាលជាបន្តបន្ទាប់។
 
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី សកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៦ លោក គន់ គីម ថ្លែងថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះ កម្ពុជា បានជួបប្រទះការប្រែប្រួលអាកាសធាតុតាមលក្ខណៈរដូវកាលជាបន្តបន្ទាប់ ដោយឆមាសទី១នេះ គ្របដណ្តប់លើរដូវកាលចំនួនពីរ គឺរដូវប្រាំង និងរដូវវស្សា ។

លោកបន្តថា ទាក់ទងនឹងស្ថានភាពគ្រោះមហន្តរាយ ក្នុងអំឡុងរដូវប្រាំងបានកើតមានករណី អគ្គិភ័យ ជាច្រើននៅទូទាំងនៅប្រទេស ដែលបណ្តាលឱ្យខូចខាតលំនៅឋាន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ កត្តាសំខាន់ៗដែលបង្កើន ហានិភ័យអគ្គិភ័យ រួមមាន ៖ សីតុណ្ហភាពខ្ពស់ អាកាសធាតុស្ងួត ការប្រើប្រាស់ប្រភពភ្លើង ដោយខ្វះការប្រុងប្រយ័ត្ន និងការឆាបឆេះនៅតំបន់ព្រៃ និងដីស្រែ។

លោកបន្ថែមថា ចំណែកនៅដំណាក់កាលផ្លាស់ប្តូរពីរដូវប្រាំងចូលរដូវវស្សា និងក្នុងអំឡុង ពេល មានភ្លៀងកក់ខែ បានកើតមានករណីខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជាបន្តបន្ទាប់នៅតាមបណ្តារាជធានី-ខេត្ត មួយចំនួន ដែលបណ្តាលឱ្យមានការខូចខាតផ្ទះសម្បែង សាលារៀន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងបង្កឱ្យមានអ្នក រងរបួស និងបាត់បង់ជីវិតក្នុងករណីមួយចំនួនផងដែរ ៕

To Top