ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មី ក្នុងគ្រាកំពុងតានតឹង ដាក់គ្នានៅឡើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារប្រឆាំង នឹងគោលដៅ របស់អ៊ីរ៉ង់ចំនួន៨០ ហើយជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានវាយប្រហារ លើគោលដៅចំនួន៨៥ របស់សហរដ្ឋអាមេរិក ដែលក្នុងនោះមានទាំងទីតាំងយោធានៅបារ៉ែន ប្រទេសគុយវ៉ែត ក្នុងជុំថ្មីនៃភាពតានតឹងក្នុងតំបន់ផង។

ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានបញ្ចប់ការវាយប្រហារថ្មីមួយប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ ដោយបានវាយប្រហារ ទៅលើគោលដៅ ជាង៨០កន្លែង។ទូរទស្សន៍ Press TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាថ្មីនៅលើកោះ
Qeshm របស់ខ្លួននិងជាមួយការបំផ្ទុះជាច្រើនបានឮនៅលើកោះ Khargផង ។

យ៉ាងណាក្តីបញ្ជាការយោធារួមកំពូល របស់អ៊ីរ៉ង់បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹង ផ្តល់ការឆ្លើយតបយ៉ាងគំហុកចំពោះការ វាយប្រហាររបស់សហរដ្ឋអាមេរិក ហើយនឹងមិនអនុញ្ញាត ឱ្យមានការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz នោះទេ។

ទូរទស្សន៍ Press TV បានរាយការណ៍កាលពីថ្ងៃពុធថា ការផ្ទុះដ៏ខ្លាំងបានធ្វើឱ្យកក្រើកមូល ដ្ឋានទ័ពអាកាស Ali Al Salem ក្នុងប្រទេសគុយវ៉ែត ។
លើសពីនេះទៅទៀត ការផ្ទុះជាច្រើនត្រូវបានគេឮនៅក្នុងប្រទេសបារ៉ែន កាលពីថ្ងៃពុធផងដែរ។

បន្ថែមពីនោះIRGC បាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារ លើគោលដៅយោធាអាមេរិកក្នុងប្រទេសបារ៉ែន និងគុយវ៉ែតកាលពីព្រឹកថ្ងៃពុធ ក្នុងការសងសឹកចំពោះការវាយប្រហារដោយកងទ័ពសហរដ្ឋអាមេរិកដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top