សម្តេចតេជោ ៖ វារីអគ្គិសនីជាង៤០០មេហ្គាវាត់ នៅស្ទឹងត្រែង ផ្គត់ផ្គង់ទៅតាមបណ្ដាខេត្តជាច្រើន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាចាត់ទុកវារីអគ្គិសនីជាង៤០០មេហ្គាវាត់ នៅខេត្តស្ទឹងត្រែង ជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែលបានផ្គត់ផ្គង់អគ្គិសនីតាមបណ្ដាខេត្តជាច្រើន។
ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ មានប្រសាសន៍ថា ខេត្តស្ទឹងត្រែងមានឧស្សាហកម្មធុនធ្ងន់មួយ គឺវារីអគ្គិសនីសេសានក្រោម២ ដែលសម្តេចបានចាត់ទុកវារីអគ្គិសនី ជាង៤០០មេហ្គាវាត់នេះ គឺជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែលបានរុញដល់ការប្រើប្រាស់ ជួយទៅដល់ផ្នែកខាងក្រោម ។

ជាមួយគ្នានេះដែរ សម្តេចតេជោមានប្រសាសន៍ទៀតថា ពីអតីតកាល គ្មាននរណានឹកគិតថា ខេត្តស្ទឹងត្រែងមានស្ពានឆ្លងកាត់ទន្លេកុង និងស្ពានឆ្លងកាត់ទន្លេមេគង្គ ប៉ុន្តែបច្ចុប្បន្នបានលេចចេញ ជារូបរាងយ៉ាងត្រដែតលើផ្ទៃទន្លេទាំងពីរ។ ក្រៅពីស្ពានទាំងពីរខ្សែនេះ ស្ទឹងត្រែងក៏មានផ្លូវជាតិជាច្រើនខ្សែតភ្ជាប់ ទៅកាន់ខេត្តរតនគិរី និងខេត្តព្រះវិហារផងដែរ ។
សម្តេចតេជោបញ្ជាក់ថា កម្ពុជា នៅតែប្រកាន់ខ្ជាប់យកគោលនយោបាយជំហានគីង្គក់ «យឺត តែមិនថយក្រោយ»។
សូមបញ្ជាក់ថា វារីអគ្គិសនីដែលមានអានុភាពជាង ៤០០ មេហ្គាវ៉ាត់ ស្ថិតនៅចំណុចប្រសព្វនៃទន្លេសេសាន និងទន្លេស្រែពក ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង គឺជាវារីអគ្គិសនីសេសានក្រោម២ដែលជាប្រភពថាមពលអគ្គិសនី ដើរដោយកម្លាំងទឹកដ៏ធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយជួយបង្កើនស្ថិរភាពថាមពលជាតិ កាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសជិតខាង និងផ្តល់ថាមពលបៃតងតម្លៃសមរម្យដល់ប្រជាពលរដ្ឋ៕
