Feature

រដ្ឋមន្ត្រី ហួត ហាក់៖ បេសកកម្មបើកបរម៉ូតូ​ ៣ម៉ឺនគីឡូម៉ែត្រ មិនត្រឹមជាការធ្វើដំណើរផ្សងព្រេងទេ ប៉ុន្តែជាការតំណាងជាតិ នាំយកសារដ៏សំខាន់​ គឺកត្តាសុខសន្តិភាព ទៅអន្តរជាតិ

ភ្នំពេញ៖ បេសកកម្មបើកបរម៉ូតូឆ្លង កាត់ចម្ងាយប្រមាណ ៣០.០០០ គីឡូម៉ែត្រ នេះ មិនមែនគ្រាន់ តែជាការធ្វើដំណើរផ្សងព្រេងនោះទេ ប៉ុន្តែជាបេសកកម្មតំណាងជាតិ ដែលនាំយកសារដ៏សំខាន់ គឺកត្តាសុខសន្តិភាព សក្តានុពលទេស ចរណ៍ដ៏សំបូរបែប និងសមត្ថភាព ភាពក្លាហាន និងស្មារតី «ខ្មែរអាចធ្វើបាន» រួចផ្សំជាមួយ បច្ចេកវិទ្យាទាន់សម័យ ទៅបង្ហាញលើឆាកអន្តរជាតិ ។

ការគូសបញ្ជាក់ របស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងឱកាសថ្លែងសន្ទរកថា បើកជាផ្លូវការ នៃពិធីការបើកបរទោចក្រយានយន្ត (ម៉ូតូ) ពីព្រះរាជាណាចក្រកម្ពុជា​ ឆ្ពោះទៅកាន់ពិព័រណ៍ម៉ូតូអន្តរជាតិ Esposizione Internazionale delle Due Ruote (EICMA) ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប ជីប ម៉ុង មេហ្កាម៉ល ២៧១។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Calypso Motors និងការគាំទ្រពីក្រុមហ៊ុន ជីប ម៉ុងដែលបានរួមចំណែក ជំរុញការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ និងការវិនិយោគ របស់កម្ពុជា ទៅកាន់ពិភពលោក ដោយសបញ្ជាក់ថា ការចូលរួម ក្នុងពិព័រណ៍ម៉ូតូអន្តរជាតិ EICMA ២០២៦ មិនត្រឹមតែជាការនាំយកទោចក្រ យានយន្តដែលដំឡើង និងផលិតនៅកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាជា «Cambodia – Kingdom of Wonder- Feel the Warmth» ទៅកាន់ពិភពលោកផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា បេសកកម្មបើកបរម៉ូតូឆ្លងកាត់ចម្ងាយប្រមាណ ៣០.០០០ គីឡូម៉ែត្រ នេះ មិនមែនគ្រាន់តែជាការធ្វើដំណើរ ផ្សងព្រេងនោះទេ ប៉ុន្តែជាបេសកកម្មតំណាងជាតិ ដែលនាំយកសារដ៏សំខាន់ គឺកត្តាសុខសន្តិភាព សក្តានុពលទេសចរណ៍ដ៏សំបូរបែប និងសមត្ថភាព ភាពក្លាហាន និងស្មារតី «ខ្មែរអាចធ្វើបាន» រួចផ្សំជាមួយបច្ចេកវិទ្យាទាន់សម័យ ទៅបង្ហាញលើឆាកអន្តរជាតិ ដែលមានលោក វ៉ាន់ ហាកូលីន នឹងដើរតួជាទូតសុច្ឆន្ទៈ ផ្សព្វផ្សាយវប្បធម៌ សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបង្ហាញសក្តានុពលឧស្សាហកម្មយានយន្ត Made in Cambodia ទៅកាន់ពិភពលោក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និង ស្ថិរភាពនយោបាយ កម្ពុជាបាននិង កំពុងរក្សា កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ខណៈរាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និងជា «ប៉ូលសេដ្ឋកិច្ច» ដ៏សំខាន់ ដែលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ សំដៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានជូនពរឱ្យបេសកកម្មនេះទទួលបានជោគជ័យ និងសុវត្ថិភាព ព្រមទាំងបានបង្ហាញជំនឿថា បេសកកម្មនេះនឹងរួមចំណែកផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មយានយន្តរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាជំរុញ និងបំផុសគំនិតដល់យុវជនកម្ពុជា ឱ្យបន្តលើកកម្ពស់កិត្តិយសជាតិនៅលើវេទិកាពិភពលោកផងដែរ៕

To Top