វៀតណាម ដាក់គោលដៅឱ្យទីក្រុង ហាណូយ ក្លាយជាមជ្ឈមណ្ឌល ដឹកជញ្ជូនអន្តរជាតិ
បរទេស៖ មន្ត្រីបាននិយាយថា ទីក្រុងហាណូយ របស់វៀតណាម មានគោលបំណងអភិវឌ្ឍខ្លួនឱ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ ដោយពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កែលម្អការ សម្របសម្រួលបទប្បញ្ញត្តិ និងពង្រឹងការតភ្ជាប់ក្នុងតំបន់ ក្រោមយុទ្ធសាស្ត្រដឹកជញ្ជូនជាតិ របស់ប្រទេស។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ថា គំនិតផ្តួចផ្តើមនេះគឺ ជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេវាកម្ម ដឹកជញ្ជូនរបស់វៀតណាម សម្រាប់ឆ្នាំ ២០២៥-២០៣៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ខណៈដែលរដ្ឋាភិបាលស្វែង រកការកែលម្អប្រសិទ្ធភាព ខ្សែសង្វាក់ផ្គត់ផ្គង់ និងគាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែង។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ រវាងទីភ្នាក់ងារពាណិជ្ជកម្មបរទេសនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មហាណូយ មន្ត្រីបាននិយាយថា ទីក្រុងត្រូវតែដោះស្រាយបញ្ហាកកស្ទះយូរអង្វែងក្នុងហេដ្ឋារចនាសម្ព័ន្ធ ផែនការ និងការរួមបញ្ចូលទិន្នន័យ មុនពេលដែលខ្លួនអាចប្រកួតប្រជែង ជាមួយមជ្ឈមណ្ឌលដឹកជញ្ជូនឈានមុខគេក្នុងតំបន់។
យោងតាមលោក Vũ Đức Quỳnh អនុប្រធានផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មហាណូយ បច្ចុប្បន្នទីក្រុងហាណូយ មានក្រុមហ៊ុនឃ្លាំងដឹកជញ្ជូនប្រហែល ៤០០ ដែលកំពុងដំណើរការលើផ្ទៃដីជិត ១០០ ហិកតា។
ប្រែសម្រួលៈ ណៃ តុលា









