ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង អះអាងថា អាមេរិកយល់ខុសលើចំណុចចំនួន២ ដែលមិនរួមចំណែកដល់ដំណើរការសន្តិភាពឡើយ

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ី មើលឃើញធាតុផ្សំនៃភាពពីរ នៅក្នុងជំហររបស់សហរដ្ឋអាមេរិក លើបញ្ហាអ៊ុយក្រែន ហើយបានអះអាងថា ចំណុចទាំងពីរនោះ មិនរួមចំណែកដល់ដំណើរការសន្តិភាពនោះឡើយ។

លោក Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា រុស្ស៊ី រួមទាំងប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក បន្តផ្គត់ផ្គង់អាវុធ និងបច្ចេកវិទ្យាយោធាដល់អ៊ុយក្រែន ហើយមិនមានការបំភាន់ណាមួយលើផ្នែកនោះទេ។ ក្នុងពេលជាមួយគ្នានេះ លោកបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន មិនដូចប្រទេសអឺរ៉ុប ដែលពាក់ព័ន្ធនឹងជម្លោះនោះទេ បានរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះដំណើរការសន្តិភាព ដែលទីក្រុងមូស្គូចាត់ទុកថា មានភាពស្មោះត្រង់ និងស្វាគមន៍។

លោក Peskov បានបន្ដថា រដ្ឋបាលលោកលោក ត្រាំ មានជំនឿខុសថា ការកើនឡើងនៃភាពតានតឹង និងសម្ពាធយោធាអាចជួយជំរុញជម្លោះឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធី ដោយសង្កត់ធ្ងន់ថា ភាពតានតឹងដែលកំពុងកើនឡើងនឹងមិនរួមចំណែកដល់ដំណើរការសន្តិភាពឡើយ។ លោកបានបន្ថែមថា អ៊ុយក្រែនវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីកាន់តែច្រើន តំបន់សន្តិសុខ និងតំបន់ទ្រនាប់ដែលរុស្ស៊ីនឹងត្រូវបង្កើតឡើងកាន់តែធំ។

លោក Peskov ក៏បានឲ្យដឹងផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានគម្រោង ជួបជជែក ជាមួយលោក ពូទីន “ហាក់ដូចជារវល់ខ្លាំងណាស់ បន្ទាប់ពីកិច្ចប្រជុំរបស់លោកនៅទីក្រុងអង់ការ៉ា” ដូច្នេះហើយមិនបានធ្វើការហៅទូរស័ព្ទដូចការគ្រោងទុកដំបូងឡើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top