ព័ត៌មានអន្តរជាតិ

តុលាការថៃ នឹងពិចារណាលើសំណង លើក្រុមនាវិក នៃកប៉ាល់ដែលត្រូវបានវាយប្រហារ នៅច្រកសមុទ្រហ័រមូស ក្នុងអំឡុងពេលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់

បរទេស៖ តុលាការការងារ របស់ប្រទេសថៃ នៅថ្ងៃសុក្រ បានទទួលយកញត្តិពីនាវិកថៃបីនាក់ ដែលស្នើសុំសំណង បន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លា លើកប៉ាល់ដឹកទំនិញ របស់ពួកគេនៅច្រកសមុទ្រហ័រមូស កាលពីខែមីនា ក្នុងអំឡុងពេល សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ នេះបើយោងតាមមេធាវីរបស់ពួកគេបាននិយាយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ញត្តិដែលបានឃើញដោយរ៉យទ័រ ស្នើសុំសំណងយ៉ាងហោចណាស់ ១ លានបាត ស្មើនឹង ៣០.០០០ ដុល្លារ សម្រាប់នាវិកម្នាក់ៗពីក្រុមហ៊ុន និងភ្នាក់ងារដែលមានទំនាក់ទំនងជាមួយម្ចាស់កប៉ាល់គឺក្រុមហ៊ុន Precious Shipping និងប្រធានក្រុម

មេធាវីរបស់ពួកគេគឺ លោក Kunpat Singhathong បានប្រាប់អ្នកយកព័ត៌មានថា នាវិកបានចោទប្រកាន់ និយោជករបស់ពួកគេថា បាននាំពួកគេចូលទៅក្នុងតំបន់គ្រោះថ្នាក់ ដោយធ្វើឱ្យជីវិតរបស់ពួកគេគ្រោះថ្នាក់ និងធ្វើឱ្យពួកគេមិនអាចបន្តធ្វើការបាន។

លោកបាននិយាយថា “អ្នកទាំងបីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត ហើយទំនងជាមិនធ្វើការ ជានាវិកម្តងទៀតទេ” ប៉ុន្តែមិនបានធ្វើរបាយការណ៍វេជ្ជសាស្ត្រ ជាសាធារណៈអំពីការធ្វើរោគវិនិច្ឆ័យនោះទេ។

រហូតមកដល់ពេលនេះ លោក Kunpat បាននិយាយថា នាវិក បានទទួលប្រាក់ឈ្នួល និងសំណងរយៈពេលពីរខែ សម្រាប់ទ្រព្យសម្បត្តិដែលបាត់បង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ ផ្សារភាគហ៊ុនថៃ ក្រុមហ៊ុន Precious Shipping បាននិយាយថា ខ្លួនមិនទាន់បានទទួលឯកសារតុលាការ ណាមួយនៅឡើយទេ ប៉ុន្តែបានទទូចថា ខ្លួនបានបំពេញកាតព្វកិច្ច របស់ខ្លួនចំពោះក្រុមនាវិកស្របតាមច្បាប់ និងការរៀបចំកិច្ចសន្យាជាធរមាន ។

To Top