ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ពង្រឹកវាយប្រហាររីករាលដាល ដល់ប្រទេសកាតា ដែលជាអ្នកសម្របសម្រួល នៅក្នុងកិច្ចចរចាបទឈប់បាញ់ ហើយដែលមិនធ្លាប់រងការវាយប្រហារ នោះទេ ចាប់តាំងពីខែមេសាមក

បរទេស៖ កងកម្លាំង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយបកគ្នាទៅវិញទៅមកដោយមីស៊ីល និងដ្រូនយ៉ាងខ្លាំងក្លា ដោយទីក្រុងតេហេរ៉ង់ បានកំណត់គោលដៅលើទីតាំងនានារបស់សហរដ្ឋអាមេរិកនៅក្នុងបណ្តារដ្ឋនានានៅទូទាំងតំបន់ឈូងសមុទ្រកាលពីថ្ងៃអាទិត្យ ហើយបានប្រកាសថា ខ្លួនបានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់ជាថ្មីម្តងទៀត។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា ហិង្សាដែលបានកើតឡើងជាថ្មីនេះ បានបង្កើតឱ្យមានមន្ទិលសង្ស័យ កាន់តែខ្លាំងឡើងលើអនាគត នៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីខែមុន ក្នុងគោលបំណងបើកច្រកសមុទ្រនេះឡើងវិញ និងបញ្ចប់សង្គ្រាម បន្ទាប់ពីការចរចារយៈពេល ៦០ ថ្ងៃបន្ថែមទៀត។ ការវាយប្រហារទាំងនេះ គឺជាព្រឹត្តិការណ៍ចុងក្រោយបំផុត នៅក្នុងវដ្តនៃការវាយប្រហារ និងការវាយបកតបតវិញ ខណៈដែលអ៊ីរ៉ង់ព្យាយាមគ្រប់គ្រង លើការដឹកជញ្ជូនតាមនាវាកាត់តាមច្រកសមុទ្រ Hormuz។

ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារយ៉ាងគំហុកនេះ បានបង្ហាញពីការកើនឡើងទាំងល្បឿន និងវិសាលភាព។ ការវាយប្រហាររបស់អ៊ីរ៉ង់បានរីករាលដាលដល់ប្រទេសកាតា ដែលជាអ្នកសម្របសម្រួលនៅក្នុងកិច្ចចរចាបទឈប់បាញ់ ហើយដែលមិនធ្លាប់រងការវាយប្រហារនោះទេចាប់តាំងពីខែមេសាមក។ សហអារ៉ាប់រួម ដែលមិនធ្លាប់ជាគោលដៅវាយប្រហារចាប់តាំងពីដើមខែឧសភា បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីល និងដ្រូនពីអ៊ីរ៉ង់។

បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (Central Command) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ថា យោធាសហរដ្ឋអាមេរិកបានចាប់ផ្តើមបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់នៅម៉ោង ៥ ល្ងាច (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) កាលពីថ្ងៃអាទិត្យ «ដើម្បីបន្តកាត់បន្ថយសមត្ថភាពរបស់ពួកគេក្នុងការវាយប្រហារលើនាវិកស៊ីវិល និងកប៉ាល់ពាណិជ្ជកម្មដែលកំពុងធ្វើដំណើរដោយសេរីឆ្លងកាត់ច្រកសមុទ្រ Hormuz»។

To Top