ទិន្នន័យបង្ហាញថា អឺរ៉ុបបានកត់ត្រាការស្លាប់លើសពី ១០.០០០ នាក់ ក្នុងអំឡុងពេលរលកកំដៅ នៅចុងខែមិថុនា
បរទេស៖ ទិន្នន័យផ្លូវការបានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបបានរាយការណ៍ អំពីករណីស្លាប់លើសពីកម្រិតធម្មតា (excess deaths) ជាង ១០,០០០ នាក់ ក្នុងអំឡុងពេលមានរលកកំដៅខ្លាំងមិនធ្លាប់មាន ដែលបានគ្របដណ្តប់លើផ្នែកខាងលិច នៃទ្វីបនេះកាលពីចុងខែមិថុនា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យដែលចេញផ្សាយដោយ EuroMOMO ដែលជាបណ្តាញគាំទ្រដោយមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) និងអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ភាគច្រើនលើសលប់ ពោលគឺជាង ៩,០០០ នាក់ គឺកើតឡើងចំពោះមនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។
កំដៅខ្លាំងអាចបណ្តាលឱ្យស្លាប់បាន តាមរយៈការធ្វើឱ្យដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ (heat stroke) ឬធ្វើឱ្យជំងឺបេះដូង និងជំងឺផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរឡើង ដោយសារមនុស្សចាស់ស្ថិតក្នុងចំណោមក្រុមអ្នកដែលងាយរងគ្រោះបំផុត។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា រលកកំដៅកាលពីចុងខែមិថុនា «ស្ទើរតែមិនអាចកើតឡើងបានទាល់តែសោះ» ប្រសិនបើគ្មានការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស ដែលកំពុងធ្វើឱ្យរលកកំដៅកើតឡើងកាន់តែញឹកញាប់ និងកាន់តែខ្លាំងក្លា។
ទិន្នន័យនេះត្រូវបានប្រមូលផ្តុំពីស្ថិតិនៃការស្លាប់ថ្នាក់ជាតិនៅក្នុងប្រទេសអឺរ៉ុបចំនួន ២៧ ដែលរួមបញ្ចូលទាំងករណីស្លាប់លើសពីកម្រិតធម្មតាពីគ្រប់មូលហេតុ មិនមែនតែមូលហេតុដែលទាក់ទងនឹងកំដៅនោះទេ ក្នុងអំឡុងសប្តាហ៍នៃថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែមិថុនា ដែលជាពេលរលកកំដៅបានឡើងដល់កម្រិតកំពូលនៅក្នុងប្រទេសបារាំង អេស្ប៉ាញ ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត។
ប្រែសម្រួលៈ ណៃ តុលា









