ព័ត៌មានអន្តរជាតិ

គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅ នៅប្រទេសបារាំង បានបង្ខំឱ្យ មានការបិទផ្លូវហាយវេ A6 ដែលភ្ជាប់ទីក្រុងប៉ារីសទៅ កាន់ទីក្រុងលីយ៉ុង និងតំបន់ភាគខាងត្បូង

បរទេស៖ ក្រុមពន្លត់អគ្គិភ័យបារាំង ជាង ៤០០ នាក់ បានបំពេញការងារពេញមួយយប់ ដើម្បីគ្រប់គ្រងគ្រោះអគ្គិភ័យ ឆេះព្រៃនៅក្នុងព្រៃជាប្រវត្តិសាស្ត្រ ហ្វុងតែនប្លូ (Fontainebleau) ដែលស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីស។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានបញ្ជូនយន្តហោះពន្លត់អគ្គិភ័យចំនួនពីរគ្រឿងកាលពីថ្ងៃច័ន្ទ ដើម្បីជួយបង្ក្រាបអណ្តាតភ្លើង ខណៈដែលរលកកំដៅកំពុងគ្របដណ្តប់លើតំបន់អឺរ៉ុបខាងលិច។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា អគ្គិភ័យនេះបានឆាបឆេះឡើង នៅតាមបណ្តោយផ្លូវហាយវេក្បែរព្រៃ ហ្វុងតែនប្លូ ដែលជាទីតាំងនៃរាជវាំងដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសបារាំង ដែលកាលពីអតីតកាលធ្លាប់ជាកន្លែងបរបាញ់សត្វ និងជាដំណាក់សម្រាប់គង់នៅនាដូវស្លឹកឈើ ជ្រុះរបស់ព្រះមហាក្សត្រ ជំនាន់មុន។ គិតត្រឹមពាក់កណ្តាលអធ្រាត្រ អណ្តាតភ្លើងបានបំផ្លិចបំផ្លាញផ្ទៃដីអស់ជាង ៨០០ ហិកតា ដោយសារមានការបក់បោកពីខ្យល់ក្តៅ។

ដោយស្ថិតនៅចម្ងាយត្រឹមតែ ៧០ គីឡូម៉ែត្រ ពីទីក្រុងប៉ារីស គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះបានបង្ខំឱ្យ មានការបិទផ្លូវហាយវេ A6 ដែលភ្ជាប់ទីក្រុងប៉ារីសទៅកាន់ទីក្រុងលីយ៉ុង (Lyon) និងតំបន់ភាគខាងត្បូង។ ក្រៅពីនេះ ភ្លើងឆេះតូចៗផ្សេងទៀតនៅក្នុងតំបន់ក៏បានធ្វើឱ្យរំខានដល់សេវាកម្មរថភ្លើងល្បឿនលឿនផងដែរ។

សេវាពន្លត់អគ្គិភ័យបារាំងបានសរសេរនៅលើបណ្តាញសង្គម X ថា «ការប្រយុទ្ធប្រឆាំងនឹងភ្លើងនៅតែបន្តនៅថ្ងៃនេះ»។ ប្រជាពលរដ្ឋក្នុងស្រុកក៏ត្រូវបានផ្តល់ដំណឹងជាមុនផងដែរថា យន្តហោះពន្លត់អគ្គិភ័យប្រភេទ Canadair នឹងត្រូវចុះទៅបូមទឹកចេញពីទន្លេសែន (Seine) ដែលហូរកាត់ចំកណ្តាលទីក្រុងប៉ារីស។
សូមជម្រាបថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរលកកំដៅដែលកើតឡើងកាន់តែញឹកញាប់ និងការកើនឡើងកំដៅខ្លាំងបំបែកកំណត់ត្រា ។ អ្នកវិទ្យាសាស្ត្រភាគច្រើនបានលើកឡើងថា គ្រោះអគ្គិភ័យទាំងនេះគឺបណ្តាល មកពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យតំបន់ភាគច្រើន នៃទ្វីបអឺរ៉ុបជួបប្រទះនឹង ភាពរាំងស្ងួតខ្លាំង។
ប្រែសម្រួលៈ ណៃ តុលា

To Top