Feature

កម្ពុជា-អាមេរិក មានទំហំពាណិជ្ជកម្ម កើនជាង ៧ពាន់លានដុល្លារ

ភ្នំពេញ ៖ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-សហរដ្ឋអាមេរិក កើនក្នុងទឹកប្រាក់ជាង ៧.៤ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែ ដំបូងឆ្នាំ២០២៦ កើនឡើង ៣១.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បាន​ឱ្យដឹងថា សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំបំផុត របស់កម្ពុជា ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានរហូតដល់ ៥.៦ពាន់លានដុល្លារ​កើនឡើង២៩.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ដែលមានទំហំ ៥.៥ពាន់លានដុល្លារ។
ប្រភពបន្តថា ចំពោះការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយសម្រេចបានទំហំ ៣០៧លានដុល្លារ មានកំណើន ៨៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
 
អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាបញ្ជាក់ថា កំណើនទាំងការនាំចេញ និងការនាំចូលនេះ បានសបញ្ជាក់ឱ្យឃើញ ពីភាពរឹងមាំ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
បន្ថែមពីលើនេះ អគ្គនាយកដ្ឋានគយសង្កត់ធ្ងន់ថា ការបន្តកើនឡើង នៃទំហំពាណិជ្ជកម្មនេះ មិនត្រឹមតែរួមចំណែក ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តជំរុញ និងពង្រីកសក្តានុពលពាណិជ្ជកម្មនេះ ដើម្បីធានានូវកំណើនប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ៕

To Top