Feature

ក្រសួងបរិស្ថាន ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ កក្កដា ស្ថានទឹកតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ បានស្រកច្រើន

ភ្នំពេញ ៖ មន្រ្តីឧទ្យានុរក្សបន្តចុះល្បាត និង ពិនិត្យមើលស្ថានភាពទឹកនៅចំណុចដំណាក់ទី១ ផ្លូវទៅតំបន់ទេសចរណ៍ ភ្នំខ្នងផ្សារ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខណៈទឹកនៅតំបន់នោះ បានស្រកច្រើនហើយ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា «ស្ថានភាពទឹកភ្លៀង និងភ្ញៀវមកកំសាន្តលើភ្នំខ្នងផ្សា គិតត្រឹមម៉ោង៩ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដូចជា ទឹកស្រកច្រើន អាចឆ្លងម៉ូតូបាន, មានភ្លៀងរលឹមផ្សែងក្រូច, ភ្ញៀវនៅលើភ្នំចំនួន៣នាក់ និងម៉ូតូចំនួន២ នៅលើភ្នំ ដដែល, ឡានរបស់ភ្ញៀវនៅដំណាក់ដំរី(ទីតាំងលំហែបៃតង) ចំនួន៤គ្រឿង ដដែល។

សូមរំលឹកថា គិតត្រឹមថ្ងៃត្រង់ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរណ៍ ចំនួន ៥៥១ នាក់ ដែលជាប់គាំង ដោយសារជំនន់ទឹកភ្លៀង នៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារ រួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។ ក្រុមការងារបានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា លោក និងមន្រ្តីក្រសួងបរិស្ថាន បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះមហន្តរាយធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ៕

To Top