កងទ័ពសហរដ្ឋអាមេរិក បន្តការវាយប្រហារជាថ្មី លើប្រទេសអ៊ីរ៉ង់ ខណៈនាវាដឹកប្រេងជាច្រើនគ្រឿង រងការវាយប្រហារ នៅច្រកសមុទ្រ Hormuz
បេទេស៖ យោធាសហរដ្ឋអាមេរិក បានធ្វើការវាយ ប្រហារជាលើកទីបីជាប់ៗគ្នា ប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃចន្ទ ហើយនាវាដឹកប្រេងពីរគ្រឿងត្រូវបានបាញ់ប្រហារនៅក្នុងច្រកសមុទ្រ Hormuz បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងដាក់ចេញនូវការបិទផ្លូវដឹកជញ្ជូនអ៊ីរ៉ង់នៅក្នុងឈូងសមុទ្រឡើងវិញ ហើយនឹងធានាថាផ្លូវទឹកយុទ្ធសាស្ត្រនៅតែបើកចំហ និងដោយគិតថ្លៃ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចាប់ផ្តើមវាយប្រហារតាមការណែនាំរបស់លោក ត្រាំ ភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រាប់កម្មវិធី Hugh Hewitt Show ថា អ៊ីរ៉ង់នឹងត្រូវវាយប្រហារយ៉ាងខ្លាំង “នៅយប់នេះ ហើយយើងនឹងវាយ ប្រហារពួកគេយ៉ាងខ្លាំងនៅថ្ងៃស្អែក ។ ហើយគ្មានអ្វីដែលពួកគេអាចធ្វើ បានអំពីវាបានទេ”។ ក្រោយមក លោកបានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា សហរដ្ឋអាមេរិកកំពុងវាយប្រហារ សមត្ថភាពរបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ។
មិនយូរប៉ុន្មាន ក្រសួងការពារជាតិរបស់ប្រទេស អារ៉ាប់រួម បាននិយាយថា មីស៊ីលរបស់អ៊ីរ៉ង់ បានវាយប្រហារនាវាដឹកប្រេង អេមីរ៉ាតពីរគ្រឿងគឺ Mombasa និង Al Bahiyah ខណៈពេលកំពុងឆ្លងកាត់ផ្លូវខាងត្បូងនៃច្រកសមុទ្រក្នុងដែនទឹកអូម៉ង់ ដោយបានសម្លាប់សមាជិកនាវិកម្នាក់ និងរបួសប្រាំបីនាក់ផ្សេងទៀត។
ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្ម ផ្លូវសមុទ្រចក្រភពអង់គ្លេស បាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវបានបាញ់ដោយគ្រាប់ផ្លោង មិនស្គាល់អត្តសញ្ញាណ ខណៈពេលកំពុងធ្វើដំណើរចម្ងាយ ៤០ ម៉ាយល៍ភាគឦសាននៃកំពង់ផែ Qalhat ប្រទេសអូម៉ង់ ហើយក្រុមនាវិកទាំងអស់មានសុវត្ថិភាព។
ប្រែសម្រួលៈ ណៃ តុលា









