event

ក្រុមហ៊ុន Vietjet បានក្លាយជាដៃគូផ្លូវការ ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ព្រឹត្តិការណ៍ ASEAN United FC

ភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលឈ្នះពានរង្វាន់ ត្រូវបានក្លាយជាដៃគូផ្លូវការ ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ព្រឹត្តិការណ៍ ASEAN United FC ចំនួនបួន រួមមាន ASEAN Hyundai Cup™, ASEAN Club Championship Shopee Cup™, ASEAN Women’s MSIG Cup™ និង ASEAN U-23 Championship™។ ភាពជាដៃគូដើម្បីគាំទ្រដល់វិស័យកីឡានេះ ត្រូវបានសម្របសម្រួលដោយ SPORTFIVE ដែលជាដៃគូពាណិជ្ជកម្មផ្តាច់មុខរបស់សហព័ន្ធបាល់ទាត់អាស៊ាន (AFF)។

ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីដែលបង្កើតឡើង ជាមួយនឹងបេសកកម្មដ៏ពិសេស គឺមនុស្សគ្រប់គ្នាអាចធ្វើដំណើរបានតាមផ្លូវអាកាស។ ចាប់តាំងពីការចាប់ផ្តើមហោះហើរ លើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញរបស់ខ្លួនជាបន្តបន្ទាប់ នៅទូទាំងប្រទេសវៀតណាម និងអន្តរជាតិជាមួយនឹងផ្លូវហោះហើរជាង ១៣៥ ដែលលាតសន្ធឹងលើតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី កាហ្សាក់ស្ថាន ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ជាមួយនឹងការពង្រីកបន្ថែមទៀតទៅកាន់ទ្វីបអឺរ៉ុប។ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ក្រុមហ៊ុន Vietjet ផ្តល់ជូននូវច្រកផ្លូវធ្វើដំណើរដ៏ងាយស្រួល ទៅកាន់គោលដៅអន្តរជាតិជាច្រើន តាមរយៈសេវាកម្មហោះហើរត្រង់ពីសៀមរាប-ហាណូយរបស់ខ្លួន។ ជាមួយនឹងយន្តហោះពណ៌ក្រហម និងលឿងដ៏ប្លែករបស់ខ្លួន ក្រុមហ៊ុន Vietjet បានក្លាយជាក្រុមហ៊ុនដ៏ពេញនិយម សម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោក ហើយបាននឹងកំពុងបម្រើជាស្ពាន សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច វប្បធម៌ និងសង្គមរវាងប្រទេស និងសហគមន៍ជាច្រើន។

ក្នុងនាមជាដៃគូផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍នៃព្រឹត្តិការណ៍ ASEAN United FC ក្រុមហ៊ុន Vietjet នឹងភ្ជាប់អ្នកគាំទ្រ និងគោលដៅនានានៅទូទាំងអាស៊ីអាគ្នេយ៍ តាមរយៈការប្រកួតបាល់ទាត់ឈានមុខគេក្នុងតំបន់ ដោយចាប់ផ្តើមជាមួយនឹងពានរង្វាន់ ASEAN Hyundai Cup™ 2026 ដែលជាការប្រកួតដ៏សំខាន់នៃបាល់ទាត់អាស៊ាន និងជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់តំបន់។

លោក To Viet Thang អនុប្រធានអចិន្ត្រៃយ៍របស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Vietjet តែងតែប្តេជ្ញាចិត្តគាំទ្រព្រឹត្តិការណ៍កីឡា​ ដ៏មានអត្ថន័យនៅជុំវិញពិភពលោក ដោយមានគោលបំណងភ្ជាប់ទំនាក់ទំនងមនុស្ស និងបង្កើតតម្លៃវិជ្ជមានសម្រាប់សហគមន៍។ ភាពជាដៃគូរបស់យើងជាមួយការប្រកួត ASEAN United FC បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការតភ្ជាប់មិនត្រឹមតែគោលដៅធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រជាជន វប្បធម៌ និងតម្លៃរួមនៅទូទាំងសហគមន៍ផងដែរ។ តាមរយៈអាកាសចរណ៍ និងកីឡា ក្រុមហ៊ុន Vietjet មានគោលបំណងលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់ បង្ហាញអាស៊ីអាគ្នេយ៍ដល់ពិភពលោក និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

លោក ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន បានមានប្រសាសន៍ថា៖ «ក្នុងនាមសហព័ន្ធបាល់ទាត់អាស៊ាន ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុន Vietjet និង Vikki Digital Bank មកកាន់គ្រួសារបាល់ទាត់អាស៊ាន។ ក្នុងនាមជាម៉ាកយីហោឈានមុខគេ Vietjet និង Vikki Digital Bank ឈរលើជំនឿជាក់របស់យើងថា ឥទ្ធិពលនៃការរួបរួមសាមគ្គីពិតជាអាចជំរុញ ការប្រាស្រ័យទាក់ទង និងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងសហគមន៍បានយ៉ាងល្អប្រសើរ។ ការបង្កើនការតភ្ជាប់ទំនាក់ទំនង គឺជាបេះដូងនៃអាជីវកម្មរបស់ខ្លួន Vietjet និង Vikki គឺជាដៃគូដ៏ប្រសើរសម្រាប់ព្រឹត្តិការណ៍ ASEAN United FC។ យើងទន្ទឹងរង់ចាំការចាប់ផ្តើមដំណើររួមគ្នាតែមួយ និងបន្តភាពរីកចម្រើនជាមួយគ្នា ដោយនាំសមាគមសមាជិក ក្លឹប អ្នកគាំទ្រ និងសហគមន៍នានាទូទាំងអាស៊ានឱ្យកាន់តែជិតស្និទ្ធ តាមរយៈឥទ្ធិពលនៃព្រឹត្តិការណ៍បាល់ទាត់» ៕

To Top