ការប្រាប់រឿងរ៉ាវជាតិ ឱ្យបានល្អ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការកសាង សណ្តាប់ធ្នាប់ ទំនាក់ទំនងអន្តរជាតិ ដែលមានភាពយុត្តិធម៌ តុល្យភាព និងបរិយាបន្ន
យូណាន៖ ពីទីក្រុងគុនមីន លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការប្រាប់រឿងរ៉ាវជាតិឱ្យបានល្អ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការកសាងសណ្តាប់ធ្នាប់ទំនាក់ទំនងអន្តរជាតិ ដែលមានភាពយុត្តិធម៌ តុល្យភាព និងបរិយាបន្ន ។

ការថ្លែងរបស់លោកអនុរដ្ឋលេខាធិការបែបនេះ ធ្វើឡើង នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃបណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ក្រោមប្រធានបទ «សម្លឹងឆ្ពោះទៅទិសខាងត្បូង តាមរយៈទស្សនៈនៃទីក្រុង» ដែលរៀបចំឡើង នាទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។
ថ្លែងអំពីប្រធានបទ “តើរឿងល្អជាអ្វី និងតើយើងត្រូវប្រាប់រឿងរ៉ាវជាតិ របស់យើងឱ្យបានល្អ ដោយរបៀបណា?”
លោក ប្រាក់ ថាវអមិដា បានលើកឡើងថា ក្នុងយុគសម័យបំលែងឌីជីថល ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត និងលំហព័ត៌មានអន្តរជាតិដ៏សកម្ម “រឿងល្អ” មិនមែនជារឿង ដែលគ្រាន់តែទាក់ទាញចំណាប់អារម្មណ៍ ឬរីករាលដាលលឿនលើបណ្តាញសង្គមនោះទេ។ ផ្ទុយទៅវិញ រឿងល្អត្រូវតែជារឿងដែលមានសច្ចភាព មានការទទួលខុសត្រូវ មានអត្ថន័យ ផ្អែកលើព័ត៌មាន ដែលបានផ្ទៀងផ្ទាត់ និងឆ្លុះបញ្ចាំងពីជីវិតពិត តម្លៃ និងបំណងប្រាថ្នា របស់ប្រជាជន។

លោកបន្ថែមថា សម្រាប់ប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ និងសហគមន៍អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ការប្រាប់រឿងរ៉ាវជាតិឱ្យបានល្អ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការកសាងសណ្តាប់ធ្នាប់ទំនាក់ទំនងអន្តរជាតិ ដែលមានភាពយុត្តិធម៌ តុល្យភាព និងបរិយាបន្នជាងមុន។
លោកបានគូសបញ្ជាក់ថា ប្រទេសកំពុងអភិវឌ្ឍជាច្រើន ជាញឹកញាប់ត្រូវបានបង្ហាញតាមរយៈទស្សនៈពីខាងក្រៅ ដែលមិនអាចឆ្លុះបញ្ចាំង បានពេញលេញពីប្រវត្តិសាស្ត្រ សមិទ្ធផល តម្លៃ និងក្តីប្រាថ្នារបស់ប្រជាជន។

ដូច្នេះ សារព័ត៌មានមានតួនាទីសំខាន់ មិនត្រឹមតែផ្សាយព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តល់បរិបទ រក្សាទុកអង្គចងចាំវប្បធម៌ ជំរុញការយល់ដឹងទៅវិញទៅមក និងនាំយកសំឡេងពិតរបស់ប្រជាជនទៅកាន់តំបន់ និងពិភពលោក។
សម្រាប់កម្ពុជា លោកអនុរដ្ឋលេខាធិការបានលើកឡើងថា រឿងរ៉ាវជាតិដ៏សំខាន់ គឺជារឿងរ៉ាវនៃសន្តិភាព ភាពអត់ធ្មត់ និងការអភិវឌ្ឍ។ វាជារឿងរ៉ាវនៃប្រទេសមួយដែលបានឆ្លងកាត់ការលំបាក ការពារបេតិកភណ្ឌវប្បធម៌ ដ៏មានតម្លៃ និងបន្តដំណើរឆ្ពោះទៅមុខ តាមរយៈការកែទម្រង់ ទំនើបកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយការស្ថាបនា។

ជាមួយគ្នានេះ លោកបានបញ្ជាក់ពីតួនាទីសំខាន់របស់យុវជនកម្ពុជា ជាពិសេសអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកនវានុវត្តន៍ឌីជីថល ដែលកំពុងប្រើប្រាស់វេទិកាថ្មីៗ ដើម្បីលើកកម្ពស់សច្ចភាព ភាពច្នៃប្រឌិត ការសន្ទនា និងការទទួលខុសត្រូវសង្គម។

លោក ប្រាក់ ថាវអមិដា បានបន្តថា ដើម្បីប្រាប់រឿងរ៉ាវជាតិឱ្យបានល្អ ប្រទេសនីមួយៗ ត្រូវបន្តពង្រឹងវិជ្ជាជីវៈសារព័ត៌មាន វិនិយោគលើធនធានមនុស្ស និងទទួលយកនវានុវត្តន៍ ឌីជីថលដោយមានការទទួលខុសត្រូវ និងសុចរិតភាព។ អ្នកសារព័ត៌មាន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកបង្កើតមាតិកាឌីជីថល ត្រូវតែមានជំនាញក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការបកស្រាយខុស ដោយប្រើប្រាស់អង្គហេតុដែលមានភាពជឿទុកចិត្ត ប្រើបច្ចេកវិទ្យាប្រកបដោយសីលធម៌ និងផលិតមាតិកាដែលត្រឹមត្រូវ ទាក់ទាញ បរិយាបន្ន និងអាចចូលដល់ទស្សនិកជនគ្រប់ភាសា វប្បធម៌ និងវេទិកា។

ក្នុងនាមក្រសួងព័ត៌មានកម្ពុជា លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាញសារព័ត៌មាន អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណាន និងដៃគូក្នុងតំបន់ ដើម្បីប្រែក្លាយគុណតម្លៃរួម ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរមាតិកា ការផលិតរឿងរ៉ាវរួម ការកសាងសមត្ថភាពឌីជីថល និងការពង្រឹងបណ្តាញវិជ្ជាជីវៈ ។

លោកបានបង្ហាញជំនឿថា បទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ដែលបានផ្លាស់ប្តូរក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ នឹងចូលរួមយ៉ាងមានអត្ថន័យ ក្នុងការពង្រឹងសំឡេងរួមរបស់តំបន់ ។ តាមរយៈសារព័ត៌មាន ដែលមានសីលធម៌ និងកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ សារព័ត៌មាន អាចក្លាយជាស្ពាននៃទំនុកចិត្ត ដែលបម្លែងការអភិវឌ្ឍ ទៅជាការយល់ដឹងសាធារណៈ បម្លែងវប្បធម៌ទៅជាមិត្តភាព និងបម្លែងកិច្ចសហប្រតិបត្តិការ ទៅជាសន្តិភាពយូរអង្វែង និងវិបុលភាពរួមសម្រាប់ប្រជាជនក្នុងតំបន់៕
ដកស្រង់ប្រភព ៖ AKP











