លោក ត្រាំ៖ របាំងបិទខ្ទប់ផ្លូវទឹកប្រឆាំងនឹងអ៉ីរ៉ង់ ត្រូវបានដាក់ចេញឡើងវិញ ហើយអាមេរិកនឹងយកកម្រៃ ២០% លើទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងដាក់របាំងបិទខ្ទប់ផ្លូវទឹកឡើងវិញប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ ហើយនឹងទទួលបានការទូទាត់សងវិញចំនួន ២០% លើរាល់ទំនិញទាំងអស់ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងតេហេរ៉ង់បានអះអាងថា ខ្លួនបានបិទផ្លូវទឹកដ៏សំខាន់មួយនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «ច្រកសមុទ្រ Hormuz គឺបើកចំហ ហើយនឹងបន្តបើកចំហ ទោះបីជាមាន ឬមិនមានអ៉ីរ៉ង់ក៏ដោយ។ យើងកំពុងដាក់របាំងបិទខ្ទប់ផ្លូវទឹកប្រឆាំងនឹងអ៉ីរ៉ង់ឡើងវិញ»។
លោកបានបន្តថា៖ «សហរដ្ឋអាមេរិក… នឹងទទួលបានការទូទាត់សងវិញ ក្នុងអត្រា ២០% លើរាល់ទំនិញទាំងអស់ដែលបានដឹកជញ្ជូន សម្រាប់រាល់ការចំណាយទាំងឡាយណាដែលចាំបាច់ក្នុងការបំពេញភារកិច្ចផ្តល់សុវត្ថិភាព និងសន្តិសុខដល់តំបន់ដ៏ប្រែប្រួល និងតានតឹងបំផុតមួយនេះនៃពិភពលោក»។
លោកបានបញ្ជាក់ថា ដំណើរការនេះនឹងចាប់ផ្តើមភ្លាមៗ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងពីគំនិតនេះមុននេះបន្តិច នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទក្នុងកម្មវិធី “Fox & Friends” របស់ទូរទស្សន៍ Fox News ដោយបាននិយាយថា សហរដ្ឋអាមេរិកប្រហែលជាអាចនឹងចូលគ្រប់គ្រងច្រកសមុទ្រនោះ ហើយគួរតែទទួលបានការទូទាត់សងការចំណាយមកវិញ។
ប្រែសម្រួលៈណៃ តុលា









