ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចកាត់ផ្តាច់ ពីការដឹកនាំដ៏រឹងមាំ របស់បក្ស ដែលប្តេជ្ញាបម្រើប្រទេសជាតិ និងប្រជាជនបានឡើយ
ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចកាត់ផ្តាច់ ពីការដឹកនាំដ៏រឹងមាំ របស់បក្ស ដែលប្តេជ្ញាបម្រើប្រទេសជាតិ និងប្រជាជនបានឡើយ ។ ចាប់ពីថ្នាក់មជ្ឈិម រហូតដល់មូលដ្ឋាន បក្សកុម្មុយនិស្តចិន បានដឹកនាំប្រជាជន ឱ្យដើរតាមទិសដៅត្រឹមត្រូវ ធ្វើឱ្យប្រជាជន មិនត្រឹមតែជាអ្នកអនុវត្តកំណែទម្រង់ និងការបើកទូលាយប៉ុណ្ណោះទេ ថែមទាំងជាអ្នកទទួលបានផលប្រយោជន៍ ពីកំណែទម្រង់ទាំងនោះផងដែរ ។

ប្រទេសចិន មានប្រព័ន្ធនយោបាយ ដែលមានប្រសិទ្ធភាព មានប្រជាជនប្រកបដោយភាពច្នៃប្រឌិត និងឧស្សាហ៍ព្យាយាម ហើយប្រជាជាតិទាំងមូលរួបរួមគ្នា ជំរុញការកែទម្រង់ ជាបន្តបន្ទាប់ ។ សេដ្ឋកិច្ចចិនបានផ្លាស់ប្តូរពីការពឹង ផ្អែកលើឧស្សាហកម្មប្រើកម្លាំងពលកម្មច្រើន ទៅជាសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍ និងបច្ចេកវិទ្យា ។ វឌ្ឍនភាពក្នុងវិស័យបញ្ញាសិប្បនិម្មិត រថយន្តអគ្គិសនី និងការរុករកអវកាស បានធ្វើឱ្យប្រទេសចិន ក្លាយជាអ្នកចូលរួមដ៏សំខាន់ក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាសកល។ ការអនុវត្តរបស់ចិនបានបង្ហាញថា «កិច្ចកសាងបក្ស» និង «ការអភិវឌ្ឍ» មិនមែនជារឿង ពីរដាច់ដោយឡែកពីគ្នាទេ ប៉ុន្តែជាទំនាក់ទំនង បំពេញបន្ថែមគ្នា ដោយកិច្ចកសាងបក្ស ផ្តល់ការ ធានាផ្នែកនយោបាយសម្រាប់ការអភិវឌ្ឍ ខណៈការអភិវឌ្ឍវិញ ជាស្តង់ដារវាស់វែង ប្រសិទ្ធភាពនៃកិច្ចកសាងបក្ស។
ក្នុងយុគសម័យសកលភាវូបនីយកម្ម បក្សនយោបាយមិនត្រឹម តែត្រូវគ្រប់គ្រងប្រទេស របស់ខ្លួនឱ្យបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវទទួលខុសត្រូវចំពោះសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកផងដែរ ។ លោកអគ្គលេខាធិការ Xi Jinping គឺជារដ្ឋបុរសដែលមានទស្សនវិស័យអន្តរជាតិ ដោយបានភ្ជាប់ប្រទេសចិនជាមួយពិភពលោកយ៉ាងជិតស្និទ្ធ។ លោកជាអ្នកការទូតដ៏ឆ្នើម ដែលលើកកម្ពស់គំនិតសន្តិភាព និងជំរុញឱ្យប្រទេសធំ និងប្រទេសតូចអភិវឌ្ឍរួមគ្នា។ ទន្ទឹមនឹងនេះ លោកក៏ជាមេដឹកនាំដ៏វិសេសវិសាលមួយរូប ដែលកំពុងប្រើប្រាស់ការអនុវត្តជាក់ស្តែងរបស់ប្រទេសចិន ដើម្បីបញ្ចូលកម្លាំងជំរុញថ្មីដល់សេដ្ឋកិច្ចពិភពលោក ។ នៅលើឆាកអន្តរជាតិ ប្រទេសចិនបានពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។ ក្នុងរយៈពេល ១៣ឆ្នាំកន្លងមក គំនិតផ្តួចផ្តើមនេះ បានភ្ជាប់ប្រទេសនៅអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកឡាទីន ហើយគាំទ្រដល់កិច្ចកសាង «សហគមន៍ជោគវាសនារួម នៃមនុស្សជាតិ»។

អ្វីដែលប្រទេសចិនស្វែងរក មិនមែនជាការរីកចម្រើនតែម្នាក់ឯងនោះទេ ប៉ុន្តែជាការរីកចម្រើនរួមរបស់គ្រប់ប្រទេស។ នេះគឺជាចំណុចដ៏ទាក់ទាញបំផុត នៃទស្សនវិជ្ជា របស់លោក Xi Jinping ស្តីពី កិច្ចកសាងបក្សកម្មុយនិស្តចិន ហើយក៏ជាមូលហេតុដ៏ជ្រាលជ្រៅ ដែលធ្វើឱ្យគំនិតនេះទទួលបានការឆ្លើយតបយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។ ទស្សនវិជ្ជា នេះមិនត្រឹមតែ ដឹកនាំការកសាង និងការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ នូវធនធានគំនិតថ្មី និងគំរូអភិបាលកិច្ចថ្មី សម្រាប់នយោបាយបក្ស នៅលើពិភពលោក ព្រមទាំងជាប្រភព នៃការបំផុសគំនិត ដ៏មានតម្លៃសម្រាប់បក្សនយោបាយ និងប្រទេសនានាក្នុងការស្វែងរកមាគ៌ា អភិវឌ្ឍន៍ដែលសមស្រប ទៅនឹងលក្ខខណ្ឌ ជាក់ស្តែងរបស់ខ្លួន ៕









