ទូតជប៉ុនចប់អាណត្តិ បន្តភាពជាដៃគូរឹងមាំរវាង កម្ពុជា-ជប៉ុន ក្នុងវិស័យទឹកស្អាត
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប លោក អ៊ូអេណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងជំនួបជម្រាបលា ខណៈភាគីទាំងពីរបញ្ជាក់ការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទឹកស្អាត ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក រដ្ឋមន្ត្រី បានលើកឡើងថា «ក្រសួង និងរាជរដ្ឋាភិបាលបានទទួលផល ប្រយោជន៍យ៉ាងច្រើនពីការយកចិត្តទុកដាក់របស់ឯកឧត្តម និងពីកិច្ចសហការជាមួយដៃគូជប៉ុនរបស់យើង»។
លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីជប៉ុន ចំពោះការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការសហការ អភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា តាមរយៈទីភ្នាក់ងារ JICA ទីក្រុងគីតាគ្យូស៊ូ និងដៃគូផ្សេងទៀត ដោយ គាំទ្រដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពបច្ចេកទេស និងការរៀបចំផែនការ រយៈពេលវែងសម្រាប់វិស័យនេះ។
លោក រដ្ឋមន្ត្រី បានបន្ថែមថា ជប៉ុនបានដើរតួនាទីគន្លឹះ ក្នុងការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈ និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងរួមចំណែកដល់ការធ្វើបរិវត្តកម្មសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
លោក អ៊ូអេណូ បានលើកឡើងពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យទឹកស្អាត ដោយបានរំលេចគម្រោងទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងក្រុងតាខ្មៅ ព្រមទាំងបានថ្លែងអំណរគុណ ដល់ក្រសួង និងដៃគូកម្ពុជាសម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធ។
លោក ឯកអគ្គរាជទូត បានលើកឡើងថា «ខ្ញុំមានអនុស្សាវរីយ៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការរបស់យើង ជាពិសេសក្នុងវិស័យទឹកស្អាត ព្រោះវិស័យនេះបង្កើត ភ្នំពេញអច្ឆរិយៈ ។ ការសម្ពោធដាក់ឱ្យប្រើប្រាស់ រោងចក្រទឹកស្អាត នៅខេត្តស្វាយរៀង និងក្រុងតាខ្មៅ ក៏បានបង្ហាញថា មានការងារជាច្រើនដែលប្រទេសយើងទាំងពីរ អាចសម្រេចបានជាមួយគ្នា»
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍឧស្សាហកម្ម ការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងការបន្តគាំទ្ររបស់ក្រសួង ចំពោះក្រុមហ៊ុន និងអ្នកវិនិយោគជប៉ុននៅកម្ពុជា៕









