លោក ឃួន ផុនរតនៈ ៖ សាជីវកម្មធនធានទឹកកូរ៉េ គាំទ្រគម្រោងសំខាន់ៗជាច្រើននៅកម្ពុជា
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានលើកឡើងថា សាជីវកម្មធនធានទឹកកូរ៉េ បានជួយគាំទ្រគម្រោងសំខាន់ៗជាច្រើននៅកម្ពុជា ដែលបានលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ឃួន ផុនរតនៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត Park Sang-Young នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលទឹកកូរ៉េ-មេគង្គ (Korea-Mekong Water Center) នៃសាជីវកម្មធនធានទឹកកូរ៉េ (K-Water) លោក Park បានប្រាប់ឯកអគ្គរាជទូត អំពីគម្រោងមួយចំនួនដែល K-water បានអនុវត្តកន្លងមកក្នុងប្រទេសកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ODA របស់កូរ៉េ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងទឹកប្រើប្រាស់ ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក Park ក៏បានអញ្ជើញឯកអគ្គរាជទូតកម្ពុជាចូលរួមកម្មវិធី «វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៤ នៅចុងឆ្នាំ ២០២៦នេះ ផងដែរ ។

ជាកិច្ចឆ្លើយតបលោក ឃួន ផុនរតនៈ បានថ្លែង អំណរគុណដល់ K-Water ដែលបានផ្តល់កិច្ចសហការ និងបន្តគាំទ្រ លើគម្រោងអភិវឌ្ឍន៍ ផ្នែកធនធានទឹករបស់ប្រទេសកម្ពុជា ។ ការជួយគាំទ្រនេះ ត្រូវបានលោកទូតអះអាងថា សុទ្ធសឹងតែជាគម្រោង មានសារៈសំខាន់សម្រាប់គាំទ្រដល់វិស័យសំខាន់ៗ របស់ប្រទេសកម្ពុជា និងជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។

ឯកអគ្គរាជទូតកម្ពុជាបន្តថា ស្ថានទូតរីករាយនឹងបន្តកិច្ចសហការ និងគាំទ្រ ដល់សកម្មភាពរបស់ K-water សម្រាប់គម្រោងនានា ក្នុងប្រទេសកម្ពុជា នៅថ្ងៃខាងមុខ៕










