នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ២ករណីផ្សេងៗគ្នា
ភ្នំពេ ៖ ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផល កិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ២ករណីផ្សេងៗគ្នា។

ជុំវិញករណីនេះ នៅថ្ងៃទី១២,១៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០២ករណី ដូចខាងក្រោម៖

ករណីទី០១ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្ម គប់ គ្នាទៅវិញទៅមក បណ្តាលឲ្យរងការខូចខាតម៉ូតូចំនួន ០១គ្រឿង) ប្រព្រឹត្តល្មើសនៅចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០១:៥៧ នាទី (ជាក្រុមក្មេងទំនើង)។ សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន២២នាក់។
ករណីទី២ ៖ ហិង្សាដោយចតនា (យកមួកសុវត្ថិភាពពណ៌ខៀវគប់ ទៅលើជនរងគ្រោះត្រូវចំខ្នង) ប្រព្រឹត្តល្មើសនៅចំណុចហាងស៊ុបខ្យង ផ្លូវបេតុង ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥២នាទី (ក្រុមក្មេងទំនើងឈ្មោះ កោះប្រាក់ (KB))។ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ០២នាក់។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើ និង វត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕









