៤០ឆ្នាំនៃការរង់ចាំ បានមកដល់ហើយ តើអង់គ្លេសអាចបំបែកបណ្តាសា «Hand of God» យកឈ្នះអាហ្សង់ទីនបានទេ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាល់ទាត់ពិភពលោក ២០២៦ នៅរាត្រីនេះ?
ការប្រឈមមុខគ្នា រវាងក្រុមជម្រើសជាតិអង់គ្លេស និង អាហ្សង់ទីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាការប្រកួតដ៏កៅ្តគគុកបំផុតមួយ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ។ អ្វីដែលធ្វើឱ្យជំនួបនេះកាន់តែក្តៅគគុកនោះ គឺការចងចាំមិនអាចបំភ្លេចបាន នូវគ្រាប់បាល់ដ៏ចម្រូងចម្រាស «Hand of God» របស់ស្តេចបាល់ទាត់ Diego Maradona កាលពីឆ្នាំ ១៩៨៦ ដែលបានបន្សល់ទុក នូវដំបៅចិត្តដ៏ជ្រៅ សម្រាប់អ្នកគាំទ្រតោកំណាចអង់គ្លេស ។
Hand of God ឆ្នាំ ១៩៨៦ កាលពីវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ World Cup ឆ្នាំ ១៩៨៦ នៅប្រទេសម៉ិកស៊ិក Maradona បានប្រើដៃឆ្កឹះបាល់បញ្ចូលទីកាត់មុខអ្នកចាំទី Peter Shilton របស់អង់គ្លេស ។ អាជ្ញាកណ្តាលមិនបានឃើញកំហុសនេះទេ ហើយបានសម្រេចផ្តល់គ្រាប់បាល់ ឱ្យអាហ្សង់ទីន ដែលនាំឱ្យពួកគេឈ្នះ ២-១។
ចាប់តាំងពីពេលនោះមក ពាក្យថា «សងសឹក» តែងតែស្ថិតនៅក្នុងចិត្តរបស់កីឡាករ និងអ្នកគាំទ្រអង់គ្លេសជានិច្ច រាល់ពេលជួបអាហ្សង់ទីន។
ការវិលជួបគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺជាឱកាសមាសសម្រាប់អង់គ្លេសក្នុងការសរសេរប្រវត្តិសាស្ត្រឡើងវិញ ប៉ុន្តែវាមិនមែន ជាការងាយស្រួលនោះទេ ដោយសារកត្តាប្រឈមសំខាន់ៗដូចជា សម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ប្រវត្តិសាស្ត្រ និងការរំពឹងទុកពីអ្នកគាំទ្រ អាចក្លាយជាសម្ពាធដ៏ធំ សម្រាប់កីឡាករជំនាន់ក្រោយរបស់អង់គ្លេស ។ បើពួកគេលេងដោយអារម្មណ៍ចង់សងសឹកខ្លាំងពេក វាអាចធ្វើឱ្យបាត់បង់ការផ្តោត អារម្មណ៍លើទម្រង់លេងជាក់ស្តែង។

របាំងការពារដ៏រឹងមាំ របស់អាហ្សង់ទីន តែងតែលេងដោយស្មារតីប្រយុទ្ធខ្ពស់ និងមានបច្ចេកទេសបត់បែនលឿន ដែលជាឧបសគ្គធំ សម្រាប់ខ្សែការពារអង់គ្លេស ។ អាវុធយុទ្ធសាស្ត្ររបស់អង់គ្លេស ដើម្បីអាចឈ្នះ និងលាងជម្រះបញ្ជីចាស់បាន អង់គ្លេសត្រូវពឹងផ្អែកលើតំបន់ ប្រយុទ្ធដ៏មុតស្រួច និងការលេងជាសមូហភាពយ៉ាងរៀបរយ ដើម្បីទម្លាយខ្សែការពារដ៏តឹងរឹងរបស់អាហ្សង់ទីន។
ទោះបីជាពេលវេលាបានកន្លងហួសទៅរាប់ទសវត្សរ៍ ហើយតួអង្គសំខាន់ៗនាសម័យនោះបានផ្លាស់ប្តូរក៏ដោយ ប៉ុន្តែកេរដំណែលនៃ «Hand of God» នៅតែជាកាតាលីករ ដ៏មានឥទ្ធិពល បំផុសឱ្យការប្រកួតរវាងក្រុមទាំងពីរនេះ ក្លាយជាសង្រ្គាមលើវាលស្មៅដែលពិភពលោកមិនអាចរំលងបាន។

តើអង់គ្លេសអាចសរសេរទីបញ្ចប់ដ៏រីករាយសម្រាប់ខ្លួនឯង ឬមួយក៏អាហ្សង់ទីននៅតែជាស្រមោលអន្ទោលតាមប្រាណដដែល?













