Feature

រៀនឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភប្រចាំខែ! NIEI ផ្ដល់អាហារូបករណ៍លើជំនាញ ៦មុខវិជ្ជា ក្រោមកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ វិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសផ្ដល់អាហារូបករណ៍ជាច្រើនកន្លែង លើជំនាញចំនួន ៦មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាល។

 
ការផ្តល់ឱកាសសិក្សាពិសេសនេះ បានក្លាយជាស្ពានដ៏សំខាន់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យអាចទទួលបានជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ដោយមិនចាំបាច់បារម្ភពីថ្លៃសិក្សា ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជួយសម្រាលបន្ទុកជីវភាពគ្រួសារទៀតផង ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតបង់ថ្លៃផងដែរ។

 
បើតាមសេចក្ដីជូនដំណឹងរបស់វិទ្យាស្ថាន NIEI ​ជំនាញទាំង ៦នោះជាជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ក្នុងនោះរួមមាន ជំនាញធុរកិច្ចភេសជ្ជៈ, ការផលិតនំ, សេវាកម្មសម្អាងកាយ, ការធ្វើម្ហូបខ្មែរ, ការក្រឡុកស្រា និងការបង្កើតអាជីវកម្ម និងសហគ្រិនភាព។

សម្រាប់ការចុះឈ្មោះចូលរៀន បេក្ខជនអាចចុះឈ្មោះតាមប្រព័ន្ធ TVET 1.5M ឬទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៣២៨ ៩៣៣/ ០៨១ ៤២៩ ៩៦៩/ ០៩៦​ ៧៣៥ ១០១៩/ ០៩៣ ៨០៨ ០៥៧ ឬចុះឈ្មោះដោយផ្ទាល់នៅ វិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ភូមិចុងថ្នល់​ខាង​លិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ។

សូមបញ្ជាក់ថា រយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៦នេះ TVET បានផ្តល់ការបណ្តុះបណ្តាល គ្រប់កម្រិតសរុបប្រមាណជិត ៧០ម៉ឺននាក់ ខណៈពីឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ នេះ សិស្សដែលបាននិងកំពុងបណ្តុះបណ្តាល មានសរុបប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះ គ្រឹះស្ថានក្រោមឱវាទក្រសួងចំនួនជិត ២៣ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនជាង ៤ម៉ឺននាក់៕

To Top