ព័ត៌មានអន្តរជាតិ

សភារបស់វៀតណាម កំពុងពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការលាងសម្អាតប្រាក់ និង ធនាគារជាតិនៃវៀតណាម

បរទេស៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃអង្គារ បានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីធនាគារជាតិនៃវៀតណាម (SBV) ច្បាប់ស្តីពីការប្រឆាំងការលាងសម្អាតប្រាក់ និងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន ដោយច្បាប់ដែលបានស្នើឡើងនេះ គ្រោងនឹងដាក់ជូនសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ តាមនីតិវិធីនីតិកម្មពន្លឿន។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា ប្រធានរដ្ឋសភា លោក Trần Thanh Mẫn បានដឹកនាំសម័យប្រជុំនេះ ខណៈដែលទេសាភិបាលធនាគារជាតិវៀតណាម លោក Pham Duc An បានបង្ហាញសេចក្តីស្នើរបស់រដ្ឋភិបាល។

យោងតាមសេចក្តីស្នើនេះ វិសោធនកម្មច្បាប់ស្តីពីធនាគារជាតិ SBV នឹងការចងក្រងជាច្បាប់ជាផ្លូវការ លើបទប្បញ្ញត្តិប្តូរប្រាក់បរទេសដែលមានស្រាប់ ដោយបញ្ចូលមាត្រា ២២ នៃក្រឹត្យស្តីពីការប្តូរប្រាក់បរទេសទៅជាច្បាប់។ សេចក្តីព្រាងនេះក៏បានកែសម្រួលយន្តការហិរញ្ញវត្ថុពិសេសរបស់ធនាគារកណ្តាលផងដែរ ដោយផ្ទេរអំណាចលើបទប្បញ្ញត្តិគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ពីនាយករដ្ឋមន្ត្រីមកឱ្យរដ្ឋាភិបាលវិញ។

ការផ្លាស់ប្តូរបន្ថែមទៀត រួមមានការកែសម្រួល ឬលុបចោលនូវច្បាប់ដែលគ្រប់គ្រងលើការរៀបចំ និងអំណាចរបស់ទីភ្នាក់ងារត្រួតពិនិត្យ និងធនាគារ ព្រមទាំងផ្តល់សិទ្ធិឱ្យធនាគារជាតិនៃវៀតណាម អាចកំណត់សមាមាត្រសុវត្ថិភាពដែលខុសប្លែកពីតម្រូវការច្បាប់ សម្រាប់អង្គភាពនានាដែលស្ថិតក្រោមការត្រួតពិនិត្យ។

ចំពោះការប្រឆាំងការលាងសម្អាតប្រាក់ វិសោធនកម្មនេះបានកែសម្រួលនិយមន័យនៃ «ម្ចាស់ផលប្រយោជន៍ពិតប្រាកដ និងដាក់បញ្ចូលអ្នកផ្តល់សេវាកម្មទ្រព្យសកម្មនិម្មិត ទៅក្នុងរបបត្រូវរាយការណ៍។ វាក៏បានណែនាំនូវសូចនាករប្រតិបត្តិការគួរឱ្យសង្ស័យសម្រាប់សកម្មភាពទ្រព្យសកម្មនិម្មិត ហើយបានប្រគល់ភារកិច្ចជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យទទួលខុសត្រូវលើការត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងការមើលការខុសត្រូវលើការប្រឆាំងការលាងលុយកខ្វក់ ចំពោះអង្គភាពរាយការណ៍នៅក្នុងវិស័យទ្រព្យសកម្មឌីជីថល។
ប្រែសម្រួលៈ ណៃ តុលា

To Top