Feature

រដ្ឋមន្ត្រីមហាផ្ទៃ ៖ ការផ្តល់សេវារដ្ឋបាល តាមច្រកចេញចូលតែមួយ ជារូបភាពជាក់ស្តែង នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ គឺជារូបភាពជាក់ស្តែងមួយ នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ការថ្លែងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ប្រកាសអន្តរក្រសួងទាំងពីរនេះ ជាលិខិតបទដ្ឋានគតិយុត្តដ៏រឹងមាំ ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែមានភាពច្បាស់លាស់ មានគណនេយ្យភាព និងឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ រហូតសម្រេចបានជោគជ័យ និងដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានបញ្ជីសេវាដែលមានលក្ខណៈសមស្រប ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ស្របតាមស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅជាក់ស្តែងនៅក្នុងមូលដ្ឋាន។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យន្តការនេះ មានគោលបំណងសំខាន់ក្នុងការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល ឱ្យមកស្ថិតនៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការិយាធិបតេយ្យ និងភាពស្មុគស្មាញនានា ដែលមកដល់បច្ចុប្បន្ន ក៏បានបង្កើតមធ្យោបាយផ្ដល់សេវាតាមបច្ចេកវិទ្យាឌីជីថលថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ គឺជារូបភាពជាក់ស្តែងមួយនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្ដល់សមត្ថកិច្ចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចេញលិខិតបញ្ជាក់ លិខិតអនុញ្ញាត អាជ្ញាបណ្ណ ឬបណ្ណអនុញ្ញាតផ្សេងៗជូនប្រជាពលរដ្ឋ»៕

To Top