ព័ត៌មានអន្តរជាតិ

តុលាការ នៅនេប៉ាល់ផ្ដន្ទាទោស ដាក់ពន្ធនាគារអតីតរដ្ឋមន្ត្រី ២ រូប និងមនុស្ស ១៤ នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងរឿងអាស្រូវ បោកប្រាស់ រឿងជនភៀសខ្លួន

បរទេស៖ ឯកសារតុលាការ និងក្រុមមេធាវី បាននិយាយ នៅថ្ងៃពុធថា តុលាការមួយនៅក្នុងប្រទេសនេប៉ាល់ បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អតីតរដ្ឋមន្ត្រីរដ្ឋាភិបាលពីររូប បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានទោសពីបទក្លែងបន្លំឯកសារ ដើម្បីជួយឱ្យជនជាតិនេប៉ាល់ អាចទៅតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួនប៊ូតង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា ឯកសារតុលាការបានបង្ហាញថា តុលាការស្រុកមួយក្នុងទីក្រុង កដ្ឋម៉ាន់ឌូ (Kathmandu) បានសម្រេចផ្ដន្ទាទោសអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល លោក Top Bahadur Rayamajhi ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ពីបទល្មើសប្រឆាំងនឹងរដ្ឋ បទឆបោក និង ការមានពាក់ព័ន្ធក្នុងបទល្មើសរៀបចំទុកជាមុន។ តុលាការក៏បានកាត់ទោស អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Bal Krishna Khand ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំផងដែរ ក្នុងនាមជាអ្នកសមគំនិត។ សាលក្រមនេះត្រូវបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ។

លោក Rayamajhi ដែលកំពុងស្ថិតក្រោមការឃុំខ្លួន និងលោក Khand ដែលកំពុងស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ កន្លងមក ពួកបានបដិសេធថា គ្មានការជាប់ពាក់ព័ន្ធណាមួយ នៅក្នុងគម្រោងបោកប្រាស់នេះឡើយ។

លោក Dharma Raj Regmi ដែលជាមេធាវីតំណាងឱ្យលោក Rayamajhi បាននិយាយថា កូនក្តីរបស់លោក «មិនដែលបានចូលរួមក្នុងការបង្កើត គោលនយោបាយសម្រាប់ជនភៀសខ្លួននោះទេ» ហើយលោកនឹងប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមនេះ។

ចំណែកឯលោក Pankaj Karna មេធាវីរបស់លោក Khand ក៏បានលើកឡើងដែរថា លោកនឹងប្តឹងឧទ្ធរណ៍ដូចគ្នា។

To Top