ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស ជុំវិញការកំណត់អង្គភាព IRGC ថាជាការគំរាមកំហែងសន្តិសុខជាតិ

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃពុធ បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ លោក Hugo Shorter ជុំវិញចលនារបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជាការគំរាមកំហែងសន្តិសុខជាតិ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Alireza Yousefi អគ្គនាយកទទួលបន្ទុកអឺរ៉ុបខាងលិច ដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស បានបង្ហាញពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងសកម្មភាព “អរិភាព” នេះ។

លោក Yousefi បានរិះគន់ការកត់សម្គាល់ “មិនសមរម្យ” ថ្មីៗរបស់រដ្ឋមន្ត្រីសន្តិសុខអង់គ្លេស លោកស្រី Angela Eagle ក្នុងសុន្ទរកថាមួយទៅកាន់សភា ដោយកត់សម្គាល់ថា ការធ្វើការអះអាង “គ្មានមូលដ្ឋាន” ប្រឆាំងនឹង IRGC គឺជា “ចលនាមិនទទួលខុសត្រូវ និងផ្ទុយនឹងការប្តេជ្ញាចិត្តអន្តរជាតិរបស់រដ្ឋាភិបាលអង់គ្លេស ក៏ដូចជាគោលការណ៍ជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ”។

លោកស្រី Eagle បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា ចក្រភពអង់គ្លេស “បានកំណត់អត្តសញ្ញាណសកម្មភាពដែលភ្ជាប់ទៅនឹងអង្គភាព IRGC ដែលពាក់ព័ន្ធនឹងការគំរាមកំហែងដល់អាយុជីវិត និងការបំភិតបំភ័យនៅលើទឹកដីចក្រភពអង់គ្លេស”។ លោក Yousefi បានព្រមានថា ច្បាប់អរិភាពណាមួយ ដែលកំណត់គោលដៅលើអ៊ីរ៉ង់ ឬស្ថាប័នរបស់ខ្លួននឹងប្រឈមមុខនឹងការឆ្លើយតប “យ៉ាងម៉ឺងម៉ាត់ និងទៅវិញទៅមក” ពីប្រទេសនេះ។

រដ្ឋាភិបាលអង់គ្លេស បានប្រកាសនៅថ្ងៃចន្ទថា ខ្លួនកំពុងផ្លាស់ប្តូរការកំណត់អង្គភាព IRGC និងអង្គការពីរផ្សេងទៀតថាជាការគំរាមកំហែងសន្តិសុខជាតិ។ ប្រសិនបើត្រូវបានអនុម័តដោយសភា ពួកគេនឹងក្លាយជាអង្គការដំបូងគេដែលត្រូវបានកំណត់ក្រោមច្បាប់សន្តិសុខជាតិ (ការគំរាមកំហែងរដ្ឋ) ឆ្នាំ២០២៦ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top