Feature

លោក ឃួន ផុនរតនៈ ចូលរួមពិធីតាំងពិព័រណ៍ដ្រូន ២០២៦

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឃួន ផុនរតនៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមពិធីតាំងពិព័រណ៍ដ្រូន ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត Songdo ទីក្រុងអ៊ីនឆន់ ។

ពិព័រណ៍ដ្រូន ២០២៦ រៀបចំដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ និងសហការរៀបចំដោយរដ្ឋបាលទីក្រុងអ៊ីនឆន់ វិទ្យាស្ថានបច្ចេកវិទ្យាសុវត្ថិភាពអាកាសចរណ៍កូរ៉េ (KIAST) សាជីវកម្មព័ត៌មានភូមិសាស្ត្រដី និងភូមិសាស្ត្រកូរ៉េ (LX) អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េ (TS) សាជីវកម្មអាកាសយានដ្ឋានអន្តរជាតិអ៊ីនឆន់ វិទ្យាស្ថានកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសិក្សាអាកាសចរណ៍ (IAIAC) ឧទ្យានបច្ចេកវិទ្យាអ៊ីនឆន់ (ITP) និងសាកលវិទ្យាល័យអុនហា ។

ព្រឹត្តិការណ៍ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគោលនយោបាយ បច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយ ពាក់ព័ន្ធនឹងយានដ្រូន និងប្រព័ន្ធដឹកជញ្ជូន តាមផ្លូវអាកាស ក្នុងទីក្រុង ។ ទន្ទឹមនឹងនេះ ពិព័រណ៍ក៏បានបង្ហាញពីផែនការរបស់រាជរដ្ឋាភិបាលកូរ៉េ ក្នុងការអភិវឌ្ឍប្រព័ន្ធ ដឹកជញ្ជូនសាធារណៈតាមផ្លូវអាកាស ដោយផ្តោតជាដំបូងលើការផ្តល់សេវាដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់កោះ មុននឹងដាក់ឱ្យដំណើរការសេវា «តាក់ស៊ីអាកាស (Air Taxi)» នៅតំបន់ទីក្រុង និងពង្រីកការប្រើប្រាស់ទៅកាន់តំបន់រដ្ឋធានី នាពេលអនាគត៕

To Top