ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបានបន្តកើនឡើងបួនថ្ងៃជាប់គ្នា បន្ទាប់ពីរលកថ្មី នៃការវាយប្រហារ របស់សហរដ្ឋអាមេរិក ទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់

បរទេស៖ តម្លៃប្រេងបានកើនឡើងជាថ្ងៃទីបួនជាប់គ្នានៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរលកថ្មីនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ បានធ្វើឱ្យមានការភ័យខ្លាចជាថ្មីអំពីជម្លោះពេញទំហឹង និងការរំខានដល់ការផ្គត់ផ្គង់នៅក្នុងច្រកសមុទ្រ Hormuz។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកបានវាយប្រហារលើប្រព័ន្ធការពារឆ្នេរសមុទ្រ និងទីតាំងមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃពុធ បន្ទាប់ពីបានដាក់ការបិទផ្លូវទឹកឡើងវិញលើកំពង់ផែរបស់ប្រទេសនេះ ខណៈដែលអ៊ីរ៉ង់បានគំរាមកំហែងបិទការនាំចេញថាមពលក្នុងតំបន់បន្ថែមទៀត ដោយនិយាយថាខ្លួនកំពុងស្ថិតក្នុង “សង្គ្រាមដើម្បីការរស់រានមានជីវិត” ជាមួយអាមេរិក។

តម្លៃប្រេងឆៅប្រភេទ Brent Futures បានកើនឡើង ៣៣ សេន ឬ ០.៤% ដល់ ៨៥.២៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅសហរដ្ឋអាមេរិក West Texas Intermediate (WTI) Futures បានកើនឡើង ៤២ សេន ឬ ០.៥% ដល់ ៨០.០២ ដុល្លារក្នុងមួយបារ៉ែល។

តម្លៃគោលទាំងពីរបានកើនឡើងប្រហែល ០.៣% កាលពីថ្ងៃពុធ ហើយកំពុងស្ថិតនៅក្បែរកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយខែ ដែលពួកគេបានឈានដល់កាលពីថ្ងៃអង្គារ។

លោក Hiroyuki Kikukawa ប្រធានអ្នកយុទ្ធសាស្ត្រនៃក្រុមហ៊ុន Nissan Securities Investment បាននិយាយថា៖ «ជាមួយនឹងភាពតានតឹងនៅមជ្ឈិមបូព៌ាដែលកំពុងផ្ទុះឡើងម្តងទៀត ការទិញកំពុងនាំមុខគេ»។

លោកបានបន្តថា៖ «ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយបណ្តាប្រទេសជិតខាងនៅតែបន្ត ហើយទស្សនៈរួមយល់ថា សង្គ្រាមពេញទំហឹងមិនអាចកើតឡើងបានទេនោះ ប្រេង WTI នៅតែអាចកើនឡើងដល់ ៨៥ ទៅ ៨៧ ដុល្លារ អាស្រ័យលើរបៀបដែលជម្លោះនេះវិវត្តទៅមុខ»។
ប្រែសម្រួលៈ ណៃ តុលា

To Top